រដ្ឋមន្ត្រីការពារជាតិស៊ីរីថ្មី ច្រានចោលសំណើរក្សាឯករាជ្យយោធារបស់ក្រុមយុទ្ធជនឃឺដ SDF

Posted By: RoogRog Robot | 19-Jan-2025 19:43:51

2025-01-19 07:41pm

(ដាម៉ាស)៖ រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ស៊ីរី លោក Murhaf Abu Qasra បានច្រានចោលសំណើរបស់ក្រុមយុទ្ធជនឃឺដ (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការរក្សាឯករាជភាពផ្នែកយោធា នៅក្នុងកងកម្លាំងប្រដាប់អាវុធស៊ីរី ដែលនឹងត្រូវធ្វើសមាហរណកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងទៅកាន់ Reuters លោក Abu Qasra បានបញ្ជាក់ថា ក្រុមយុទ្ធជនឃឺដដែលត្រូវបានគេស្គាល់ថា ជាកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នឹងត្រូវបញ្ចូលទៅក្នុងក្រសួងការពារជាតិ តាមឋានានុក្រមដូចក្រុមប្រដាប់អាវុធផ្សេងទៀតដែរ។ លោកបានចោទប្រកាន់មេដឹកនាំ SDF ពីបទ <<ពន្យារពេល>> ក្នុងការពិភាក្សាជុំវិញការធ្វើសមាហរណកម្មនេះ។

SDF ដែលគ្រប់គ្រងតំបន់ពាក់កណ្តាលស្វយ័តនៅភាគឦសានស៊ីរី ចង់រក្សាស្ថានភាពជាប្លុកយោធាដាច់ដោយឡែក ទោះបីជាចូលរួមជាមួយក្រសួងការពារជាតិក៏ដោយ។ សំណើនេះត្រូវបានមេដឹកនាំ SDF លោក Mazloum Abdi លើកឡើងនៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន Asharq កាលពីសប្តាហ៍មុន។

អាទិភាពចម្បងរបស់រដ្ឋមន្ត្រីស៊ីរី ចាប់តាំងពីចូលកាន់តំណែង គឺការរួមបញ្ចូលបក្សពួកប្រឆាំងជាច្រើន ទៅក្នុងរចនាសម្ព័ន្ធបញ្ជាការឯកភាពមួយ។ទោះបីជាការធ្វើសមាហរណកម្មជាមួយ SDF មានភាពស្មុគស្មាញ ដោយសារទំនាក់ទំនងរបស់ក្រុមនេះ ជាមួយទាំងសហរដ្ឋអាមេរិក និងតួកគីក៏ដោយ ក៏លោក Abu Qasra សង្ឃឹមថានឹងបញ្ចប់ដំណើរការនេះ រួមទាំងការតែងតាំងមន្ត្រីយោធាជាន់ខ្ពស់មួយចំនួននៅត្រឹមថ្ងៃទី ១ ខែមីនា។

គួរបញ្ជាក់ថា ការបដិសេធសំណើររបស់រដ្ឋមន្ត្រីការពារជាតិស៊ីរី ចំពោះការទាមទាររបស់ SDF ក្នុងការរក្សាឯករាជ្យភាពផ្នែកយោធា បង្ហាញពីភាពតានតឹងដែលអាចកើតមាន រវាងរដ្ឋាភិបាលថ្មីនិងក្រុមជនជាតិឃឺដ ខណៈអនាគតនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរនៅតែមិនច្បាស់លាស់នៅឡើយ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...