(ម៉ានីល)៖ យោធាហ្វីលីពីន បានប្រកាសនៅថ្ងៃអាទិត្យនេះថា ហ្វីលីពីននិងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាលើកទី៥ នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីថ្លែងការណ៍ យោធាហ្វីលីពីនបានគូសបញ្ជាក់ថា ខ្លួនបានរៀបចំ <<សកម្មភាពកិច្ចសហប្រតិបត្តិការដែនសមុទ្រ>> ជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដែលជាលើកដំបូងរបស់ខ្លួនសម្រាប់ឆ្នាំនេះ និងជារួមលើកទី ៥ ចាប់តាំងពីការចាប់ផ្តើមសកម្មភាពរួមគ្នាក្នុងឆ្នាំ២០២៣។
សមយុទ្ធនេះ មានការចូលរួមពីនាវាផ្ទុកយន្តហោះ Carl Vinson របស់អាមេរិក នាវាពិឃាតពីរគ្រឿង ឧទ្ធម្ភាគចក្រពីរគ្រឿង និងយន្តហោះ F-18 Hornet ពីរគ្រឿង។ ចំណែក ភាគីហ្វីលីពីនបានដាក់ពង្រាយនាវាចម្បាំងមួយគ្រឿង នាវាល្បាតមួយគ្រឿង យន្តហោះចម្បាំង FA-50 ពីរគ្រឿង និងយន្តហោះជួយសង្គ្រោះមួយគ្រឿងផងដែរ។
គួរបញ្ជាក់ថា ក្រោមអាណត្តិប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងហ្វីលីពីននិងសហរដ្ឋអាមេរិក បានកើនឡើងគួរឱ្យកត់សម្គាល់។ លោក Marcos Jr. បានពង្រឹងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ដោយអនុញ្ញាតឱ្យកងកម្លាំង អាមេរិក អាចចូលប្រើប្រាស់មូលដ្ឋានយោធាបន្ថែមទៀត រួមទាំងទីតាំងដែលមាន សារៈសំខាន់ជាយុទ្ធសាស្ត្រនៅជិតតៃវ៉ាន់ផងដែរ៕