(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងអនុញ្ញាតឱ្យ TikTok ដំណើរការឡើងវិញនៅសហរដ្ឋអាមេរិក តាមរយៈបទបញ្ជាប្រតិបត្តិប្រធានាធិបតី ក្រោយចូលកាន់តំណែងនៅថ្ងៃចន្ទ ប៉ុន្តែលោកទាមទារឱ្យមានវិនិយោគិនអាមេរិកកាន់កាប់យ៉ាងតិច ៥០% នៃកម្មសិទ្ធិកម្មវិធីនេះ។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
TikTok ត្រូវបានផ្អាកពី App Store និង Play Store អាមេរិក កាលពី ថ្ងៃសៅរ៍ មុនពេលច្បាប់ហាមឃាត់ចូលជាធរមាន ដោយសារការព្រួយបារម្ភ ផ្នែកសន្តិសុខជាតិ ជុំវិញក្រុមហ៊ុនមេរបស់ចិន ByteDance។
លោក ត្រាំ បានសរសេរនៅបណ្តាញសង្គម Truth Social ថា លោកនឹងពន្យាពេលវេលាមុនច្បាប់ចូលជាធរមាន ដើម្បីស្វែងរកកិច្ចព្រមព្រៀងដែលធានាសន្តិសុខជាតិ។ លោកចង់ឱ្យសហរដ្ឋអាមេរិកមាន <<កម្មសិទ្ធិ ៥០% ក្នុងការបណ្តាក់ទុនរួមគ្នា>>។
គួរបញ្ជាក់ថា មុននេះលោក ត្រាំ បានបង្ហើបថា លោកទំនងជានឹងផ្តល់ពេលឱ្យ TikTok ចំនួន ៩០ ថ្ងៃនៃការលើកលែងពីការហាមឃាត់ បន្ទាប់ពីលោកចូលកាន់តំណែង ដែលជាការសន្យាមួយដែល TikTok បានលើកឡើងថា ខ្លួនកំពុងធ្វើការជាមួយអតីតប្រធានាធិបតីជាប់ឆ្នោត ដើម្បីអាចត្រឡប់មកដំណើរការវិញ ក្រោយលោកចូលកាន់តំណែង៕