វេទិកាសន្តិភាពកម្ពុជា សេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបន្តញុះញង់ឆ្កឹះឆ្កៀលបំបែកបំបាក់សាមគ្គីជាតិឱ្យកងកម្លាំង និងពលរដ្ឋបះបោរប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់

Posted By: RoogRog Robot | 19-Jan-2025 23:04:53

2025-01-19 10:59pm

(ភ្នំពេញ)៖ វេទិកាសន្តិភាពកម្ពុជា មានបេសកកម្មអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋខ្មែរយល់ច្បាស់អំពី <<ប្រវត្តិនៃការ កសាងសន្តិភាព គុណតម្លៃនៃសន្តិភាព និងកាតព្វកិច្ចការពារសន្តិភាព>> ដែលជាមរតកនយោបាយប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា របស់ប្រតិបត្តិករសន្តិភាពទាំងអស់ ដែលបានចូលរួមលះបង់បូជាអាយុជីវិត កម្លាំងកាយ កម្លាំងចិត្ត និងធនធានដើម្បីកសាងសន្តិភាពសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរទាំងមូល។

វេទិកាសន្តិភាពកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ឈ្មោះ សមរង្ស៊ី ដែលបានប្រើបណ្តាញសង្គមហ្វេសបុកផេកឈ្មោះ Sam Rainsy កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឆ្កួតវង្វេងក្នុងសង្វៀននយោបាយរហូតកើតរោគចិត្ត ហ៊ានសរសេរផ្សព្វផ្សាយក្នុងហ្វេសបុកផេករបស់ខ្លួន អំពាវនាវ និងញុះញង់ឆ្កឹះឆ្កៀលបំបែកបំបាក់សាមគ្គីជាតិ ដល់គ្រប់ក្រុមភាគី រួមទាំងកងកម្លាំងប្រដាប់អាវុធ សមាជិកនៃគណបក្សនយោបាយ និង ប្រជាពលរដ្ឋខ្មែរ ធ្វើការបះបោរប្រឆាំងនឹងឥស្សជនថ្នាក់ដឹកនាំ និងរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋ ក្នុងចេតនាបំបែកបំបាក់បំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមាន <<សន្តិភាពពេញលេញ និង ការអភិវឌ្ឍ>>។ ទង្វើយ៉ាងគឃ្លីនរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ជាសកម្មភាពបំពានច្បាប់ រំលោភរដ្ឋធម្មនុញ្ញ និងជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ មានចែងនៅក្នុងក្រមព្រហ្ម ទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស។

វេទិកាសន្តិភាពកម្ពុជា ប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងសូមប្រកាសប្តេជ្ញាចូលរួម <<ការពារសន្តិភាព>> សម្រាប់ជាតិ និងប្រជាជន ព្រមទាំងបន្តការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ទោះក្នុងតម្លៃណាក៏ដោយ។ សូមអំពាវដល់គ្រប់ក្រុមភាគី គ្រប់សមាជិកនៃគណបក្សនយោបាយ បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស សូមកុំលង់ជឿក្រុមប្រឆាំងជ្រុលនិយមណាមួយ ឬអ្នកនយោបាយណាមួយ ដែលអូសទាញឱ្យខាតបង់ផលប្រយោជន៍ ល្មើសច្បាប់ និងសូមចាត់ទុកបុគ្គលទាំងនោះ ថាជាជនបំផ្លាញជាតិ បំផ្លាញសន្តិភាព ដែលច្បាប់មិនគួរត្រូវលើកលែងជាដាច់ខាត។

ថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃវេទិកាសន្តិភាពកម្ពុជា សូមប្តេជ្ញាដាច់ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសូមប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ និងបង្ការក្រុមជ្រុលនិយមទាំងឡាយណា ដែលធ្វើសកម្មភាពទុច្ចរិតញុះញង់ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុងដើម្បីបម្រើមហិច្ឆតាទុច្ចរិតក្នុងការប៉ុនប៉ងដណ្តើមអំណាចស្របច្បាប់របស់កម្ពុជា គឺត្រូវតែកម្ចាត់ជនទាំងឡាយនោះ ឱ្យបានជាដាច់ខាត។ ព្រមទាំងសូមសំណូមពរដល់រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងអង្គភាពពាក់ព័ន្ធមេត្តាបង្កើតច្បាប់ ដើម្បីដាក់ក្រុមជ្រុលនិយមជាក្រុមអង្គការភេរវករឱ្យឆាប់ៗ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះជនអន្ធពាល ក្រុមឧទ្ទាមក្រៅច្បាប់ ដែលនៅតែបន្តប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...