អភិបាលខេត្តកណ្ដាល បើកវិញ្ញាសារប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជំនាន់ទី៣ និងប្រជុំត្រៀមសម្ពោធអគារសិក្សា និងសមិទ្ធផលក្នុងវត្តព្រះឥន្ទសាមគ្គីធម៌

Posted By: RoogRog Robot | 19-Jan-2025 20:11:09

2025-01-19 08:09pm

(កណ្តាល)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញមកបើកវិញ្ញាសារប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំមូលដ្ឋានជំនាន់ទី៣ នៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី ព្រមទាំងបានប្រជុំត្រួតពិនិត្យទីតាំង ត្រៀមរៀបចំពិធីកាត់ខ្សែបូសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៍ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលនាពេលខាងមុខនេះ។

ក្នុងឱកាសនោះ លោកបានលើកទឹកចិត្ត និងផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ត្រូវព្យាយាមធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសាដែលបានដាក់ចេញ និងត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវរាល់បទបញ្ជាផ្ទៃក្នុង ក្នុងការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាសវិញ្ញាសារ ពោលគឺត្រូវពឹងលើសមត្ថភាពផ្ទាល់ខ្លួនទើបការសិក្សាទទួលបានជោគជ័យទៅថ្ងៃអនាគត។ លោកអភិបាលខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ ឲ្យទទួលបានលទ្ធផលជោគជ័យគ្រប់ៗគ្នា ក្នុងការប្រឡងឆ្នាំនេះផងដែរ។

យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ ប៊ួរ គ្រី ចំនួនសិស្សដែលដាក់ពាក្យចូលមកប្រលងសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤-២០២៥ មានចំនួន៧៥២នាក់ ប្រលងចូលរៀនក្នុងមហាវិទ្យាល័យចំនួន៦ រួមមាន៖១៖មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, ២៖មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ៣៖មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម, ៤៖មហាវិទ្យាល័យអភិវឌ្ឍន៍ និងទេសចរណ៍, ៥៖មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម និង៦៖មហាវិទ្យាល័យសេដ្ឋកិច្ច និងគ្រប់គ្រងធុរកិច្ច។

បន្ទាប់ពីបានបើកវិញ្ញាសារប្រឡងរួចមក លោក គួច ចំរើនអភិបាលខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធកងកម្លាំងមានសមត្ថកិច្ច បានបន្តប្រជុំពិភាក្សា និងត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីកាត់ខ្សែបូរសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១១ ខែកុម្ភៈខាងមុខនេះ ។

លោកអភិបាលខេត្ត បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការរៀបចំកិច្ចការពារថែរក្សាសន្តិសុខសម្រាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរទាំងខាងក្នុង និងខាងក្រៅពិធីទៅតាមផែននីមួយៗរបស់ខ្លួន ជាពិសេសត្រូវសម្អាត និងតុបតែងក្នុងបរិវេណរៀបចំពិធីឲ្យមានរបៀបរៀបរយ និងមានសោភ័ណភាពផងដែរ៕



























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...