សម្ដេចក្រឡាហោម ស ខេង៖ ឆ្នាំ២០២៥ ជាពេលវេលាដ៏សមស្របសម្រាប់គណបក្សប្រជាជន បន្តពង្រឹងសកម្មភាពការងារគណបក្សឱ្យបានសកម្មព្រមៗគ្នានៅគ្រប់មូលដ្ឋាន

Posted By: RoogRog Robot | 19-Jan-2025 16:40:39

2025-01-19 04:37pm

(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា ឆ្នាំ២០២៥នេះ គឺជាពេលវេលាដ៏សមស្របសម្រាប់គណបក្សបន្តពង្រឹង សកម្មភាពការងារគណបក្សឱ្យបានសកម្មព្រមៗគ្នាគ្រប់មូលដ្ឋាន ពិសេសការបន្ត ពង្រឹងអង្គការចាត់តាំងបក្សនៅមូលដ្ឋាន ការជំរុញសកម្មភាពចលនាអង្គការមហាជន របស់គណបក្សដើម្បីពង្រឹង ពង្រីកសមាជិកបក្សពីក្នុងចំណោមយុវជនដែលដល់អាយុ ត្រូវបោះឆ្នោត និងការពង្រឹងការគ្រប់គ្រងអប់រំថែបំប៉នសមាជិកបក្សឱ្យបានល្អ ព្រមជាមួយការជំរុញសកម្មភាពការងារគណបក្សគ្រប់ផ្នែក ដើម្បីឈានឆ្ពោះទៅដណ្តើមជោគជ័យជូនគណបក្សឱ្យបានដាច់ខាតក្នុងការបោះឆ្នោតនៅឃុំ សង្កាត់ នាឆ្នាំ២០២៧ និងការបោះឆ្នោតជាតិ នាឆ្នាំ២០២៨ ខាងមុខ។

ការលើកឡើងបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងខណៈដែលសម្ដេច បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នាព្រឹកថ្ងៃថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ។

សម្តេចក្រឡាហោម បានកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សខេត្ត ដែលបានរៀបចំរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ និងចាត់ចែង រៀបចំឱ្យមានកិច្ចប្រជុំដែលចូលរួមដោយប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ និងមន្ត្រីទទួលខុសត្រូវសំខាន់ៗ នៃគណៈកម្មាធិការគណបក្សខេត្តព្រៃវែង រួមគ្នាវាយតម្លៃអំពីលទ្ធផលការងារដែលសម្រេចបានបញ្ហាប្រឈមដែលសេសសល់ ដើម្បីកំណត់ទិសដៅការងារអនុវត្តនាឆ្នាំបន្ទាប់ ដែលជារបៀបរបបក្នុងការដឹកនាំ និងការបំពេញការងាររបស់គណបក្សយើង។

ក្នុងនាមសម្តេចតេជោប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស សម្តេចសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកស្រី អស់លោក ជាថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារគណបក្សចុះមូលដ្ឋាន និងថ្នាក់ដឹកនាំ មន្ត្រីគណបក្សគ្រប់ថ្នាក់ ព្រមទាំង សមាជិក សមាជិកា គណបក្សទូទាំងខេត្តព្រៃវែង ដែលបានរួមសហការគ្នាយ៉ាងសកម្មក្នុងការនាំមកនូវសមិទ្ធផលការងារនានាជាច្រើនសម្រាប់គណបក្សខេត្តព្រៃវែង សម្រាប់គណបក្សប្រជាជនកម្ពុជា និងសម្រាប់ប្រទេសជាតិទាំងមូល។

សម្ដេចក្រឡាហោម ស ខេង បានគូបញ្ជាក់ថា ផ្អែកលើសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យដែលគណបក្សយើងសម្រេចបាន ក្រោមការងារដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន សម្តេច ជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ត្រីគណបក្ស អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ និងសូមអំពាវនាវដល់សមាជិក សមាជិកាគណបក្សទូទាំងខេត្តព្រៃវែង សូមរួមគ្នាបន្តពង្រឹងការប្តេជ្ញាចិត្តគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និង ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយឆ្ពោះទៅ សម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...