(ភ្នំពេញ)៖ ស្ដ្រីជនជាតិខ្មែរវ័យ១៧ឆ្នាំម្នាក់ ត្រូវបានជនដៃដល់ជនជាតិកូរ៉េសម្លាប់ដាក់ក្រោមគ្រែ នៅក្នុងបន្ទប់នៃសណ្ឋាគារ ហូមឈីក (Home Chic) អគារលេខ១៧ បន្ទប់លេខ២១១ ជាន់ទី២ ផ្លូវលេខ២៨២ ភូមិ០៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
រំលងបានមួយថ្ងៃ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ករណីឃាតកម្មនេះក៏ត្រូវបំបែកបានដោយឈានដល់ការចាប់ខ្លួនជនដៃដល់ជនជាតិកូរ៉េ។
កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល (ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្ដាល) និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
លុះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៩៖៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយបានធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងជាម្ចាស់ករណី កសាងសំណុំរឿងតាមនីតិវិធីបន្ត៕