(ប៉េកាំង)៖ សេដ្ឋកិច្ចសាកលលោកនៅក្នុងឆ្នាំ២០២៤ ត្រូវបានចាត់ទុកថាមានស្ថិរភាព បន្ទាប់ពីមានការធ្លាក់ចុះ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ អត្រាកំណើនសេដ្ឋកិច្ចសាកល មានលំនឹងក្នុងរង្វង់ ២,៦% ក្នុងមួយឆ្នាំបើទោះជាមាន ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និង ការកើនឡើងយ៉ាងគំហុក នូវអត្រាការប្រាក់ក៏ដោយ។ នៅឆ្នាំ ២០២៥ ត្រូវបានគេព្យាករណ៍ថា សេដ្ឋកិច្ចសាកលនឹងកើនឡើងក្នុងរង្វង់ ២,៧% តាមរយៈការរីកចម្រើននៃវិស័យពាណិជ្ជកម្ម និង វិនិយោគ ក្នុងទម្រង់ថ្មី ស្របគ្នាជាមួយអត្រាអតិផរណាក្នុងរង្វង់ប្រមាណ ៣,៥%។
គួរបញ្ជាក់ដែរថា ដើម្បីទប់ស្កាត់នូវអត្រាអតិផរណាខ្ពស់ ក្នុងកំឡុងពេលវិបត្តិនៃការរីករាលដាលនៃកូវីដ ១៩ ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន បានតម្លើងការប្រាក់យ៉ាងគំហុក ដែលគួរឱ្យកត់សម្គាល់ ដែលឈានដល់ការធ្លាក់ចុះ នៃការចំណាយលើការប្រើប្រាស់របស់គ្រួសារ ការថមថយតម្រូវការសាកល ដែលជះឥទ្ធិពលដល់ការផ្គត់ផ្គង់របស់សាកលលោក។
ភាពតានតឹងនៃសាកលលោកនៅតែបន្ត រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្កើតនូវការបែងចែកសាកលលោក ដែលនាំដល់ការរើសរអើង ប្រទេសដៃគូពាណិជ្ជកម្ម ការដាក់ប្រព័ន្ធគាំពារនិយម ដល់ការនាំចេញ និង ការនាំចូល ដែលរារាំងដល់ការលូតលាស់នៃសេដ្ឋកិច្ចសាកល ដែលពិភពលោកទាំងមូលកំពុងតែយកចិត្តដាក់ជំរុញ ឱ្យមានការរីកចម្រើនៃប្រព័ន្ធពហុប៉ូលនិយម។
ប្រទេសចិនជាប្រទេសមួយដែលគាំទ្រទាំងស្រុងដល់ប្រព័ន្ធពហុប៉ូលនិយម និង បានជួយជ្រោមជ្រែងឱ្យសេដ្ឋកិច្ចពិភពលោក មានការរីកចម្រើន តាមរយៈប្រព័ន្ធពហុប៉ូលនិយមនេះ បានធ្វើឱ្យថ្លៃដើមនៃផលិតកម្មត្រូវបានកាត់បន្ថយ ប្រជាពលរដ្ឋក្នុងពិភពលោក ទទួលបាននូវទំនិញប្រើប្រាស់ក្នុងថ្លៃទាប ការពារបរិស្ថានកម្រិតខ្ពស់ ដែលអាចឱ្យប្រជាពលរដ្ឋសាកលលោក នៅសល់ចំណែកនៃប្រាក់ចំណូល ធំជាងមុន និង អាចពង្រីកដល់ការប្រើប្រាស់ ទំនិញឬសេវានានា និង សល់ប្រាក់សន្សំច្រើនជាងមុន។ នេះជាយន្តការមួយដែលឈានដល់ការបង្កើតសហគមន៍ជោគវាសនារួម។
ការរួមចំណែករបស់ប្រទេសចិនទី១ ក្នុងកំណើនសេដ្ឋកិច្ចសាកល មានសកម្មភាព និង វិសាលភាពធំធេងណាស់ ដែលក្នុងនោះ ការរួមចំណែកធ្វើឱ្យមានស្ថិរភាពថ្លៃ ទប់ទល់នឹងភាពខ្វះខាត នៃប្រាក់ចំណូលក្នុងការចំណាយដ៏ខ្ពស់ របស់ប្រជាជនលើសាកលលោក ដែលបណ្តាលមកពីការកើនឡើងនៃថ្លៃទំនិញ ដែលជាលទ្ធផលនៃការតម្លើងពន្ធនាំចូល របស់សហរដ្ឋអាមរិក ចំពោះផលិតកម្មទាំងអស់របស់សាកលលោក។
ការរួមចំណែករបស់ប្រទេសចិនទី២ ក្នុងកំណើនសេដ្ឋកិច្ចសាកលលោក ការបង្កើតផលិតភាពថ្មី កម្លាំងផលិតថ្មី បច្ចេកវិទ្យាថ្មី និង ម៉ូឌែលផលិតកម្មថ្មីរបស់ចិន បានរួមចំណែកក្នុងបង្កើន ប្រសិទ្ធភាពផលិតកម្ម សុភ័ក្រ-បរិមាកម្មផលិតកម្ម ដែលឈានដល់ ការកាត់បន្ថយថ្លៃ មានភាពធន់នឹងវិបត្តិនានា ដែលកើតឡើងដោយការថយកម្លាំងផលិតកម្ម ការថមថយនៃកម្លាំងទីផ្សារ និង ការដាក់ប្រព័ន្ធគាំពារនិយម។
ការរួមចំណែករបស់ប្រទេសចិនទី៣ ក្នុងកំណើនសេដ្ឋកិច្ចសាកលលោក គឺការរួមចំណែកជាមួយពិភពលោក ក្នុងការការពារបរិស្ថាន និង ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលគេហៅថា Eco-friendly products ហើយបញ្ហាបរិស្ថាននិងកាបូននេះ នឹងក្លាយជាសត្រូវរួមរបស់ពិភពលោកក្នុងពេលខាងមុខ។
ដូច្នេះ ដើម្បីរួមចំណែកក្នុងការស្រោចស្រង់សេដ្ឋកិច្ចសាកលឡើងវិញ តួនាទីរបស់ចិនក្នុងតំបន់ ក៏ដូចជាសាកលលោក មិនអាចខ្វះបានទេ ហើយកិច្ចសហប្រតិបត្តិការសាកល ក៏រឹតតែមិនអាចខ្វះបាន ជាពិសេសគោលគំនិតពហុភាគីនិយម ពហុប៉ូលនិយម រួមទាំងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល ដែលផ្តល់តម្លៃខ្ពស់លើការកសាងសហគមន៍ជោគវាសនារួម គួរត្រូវបានយកចិត្តទុកដាក់ថែរក្សានិងជំរុញឱ្យមានការរីកចម្រើន ដើម្បីធានានិរន្តរភាព និង ការរីកចច្រើននៃសេដ្ឋកិច្ចសាក លោកប្រកបដោយចីរភាព៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា