(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
នៅក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនានារបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅកម្ពុជា ព្រមទាំងបានបង្ហាញនូវក្តីរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អ៊ីរ៉ង់ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម ដើម្បីធានានូវសន្តិសុខទឹក ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងដើម្បីរួមចំណែកអនុវត្តន៍នូវគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមោះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រីក៏បានជម្រាបជូនគណៈប្រតិភូផងដែរអំពីការងារអាទិភាព ក៏ដូចជាចក្ខុវិស័យរបស់ក្រសួង ដែលរួមមាន៖
* ទី១) បន្ដបង្កើនសក្ដានុពលធនធានទឹក តាមរយៈការបន្តស្តារនិងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព * ទី២) ការពង្រឹង និងធ្វើទំនើបកម្មលើប្រព័ន្ធផ្ដល់ និងព្យាករណ៍សេវាជលសាស្រ្ត និងឧតុនិយម ក៏ដូចជាប្រព័ន្ធផ្តល់ដំណឹងជាមុន (Early Warning System) ដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធឱ្យបានទាន់ពេលវេលា * ទី៣) បន្ដការរៀបចំ និងដាក់ចេញនូវច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្ត សម្រាប់វិស័យធនធានទឹក និងឧតុនិយម * ទី៤) ការពង្រឹងសមត្ថភាពស្ថាប័នតាមរយៈការអភិវឌ្ឍធនធានមនុស្ស និងនវានុវត្តន៍ * ទី៥) ការលើកកម្ពស់ការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីការប្រើប្រាស់ និងការគ្រប់គ្រងធនធានទឹក * និង ទី៦) ពង្រឹងយន្តការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងលឿន និងឥតឈប់ឈររបស់កម្ពុជា ហើយដែលក្នុងនោះវិស័យធនធានទឹក និងឧតុនិយម ក៏ជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សមួយផងដែរ។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីជំហររបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នៅក្នុងការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសិក្សាលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម ដែលរួមមាន៖
* ទី១) ការកសាងនិងប្រតិបត្តិការទំនប់ទឹកខ្នាតធំក្នុងលក្ខណៈទំនើប * ទី២) វិស័យរ៉ាដាសម្រាប់អាកាសធាតុនិងផ្កាយរណប * និងទី៣) ការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតទៅសិក្សានៅសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់៕