(យ៉េរ៉េវ៉ាន់)៖ កាលពីថ្ងៃអង្គារ ទី១៤ ខែមករា សហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយប្រទេសអាមេនី ដែលកំពុងព្យាយាមដកខ្លួន ឃ្លាតឆ្ងាយពីសម្ព័ន្ធមិត្តយូរមកហើយរបស់ខ្លួនគឺរុស្ស៉ី ក្រោយទទួលរងការបាត់បង់យ៉ាងអាម៉ាស ក្រោមដៃអាស៊ែបៃហ្សង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងពិធីចុះហត្ថលេខាជាមួយ ប្រមុខការទូតអាមេនី រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយដូច្នេះថា <<សហរដ្ឋអាមេរិក កំពុងធ្វើការជាមួយអាមេនី ក្នុងផ្នែកសន្តិសុខនិងការពារជាតិ ហើយជាពិសេសនោះ គឺដើម្បីគាំទ្រកិច្ចប្រឹងប្រែងរបស់អាមេនី ក្នុងការការពារឯករាជ្យនិងអធិបតេយ្យ នៃទឹកដីរបស់ខ្លួន។ ពួកយើងកំពុងក្លាយជា ដៃគូកាន់តែរឹងមាំឡើង ហើយខ្ញុំគិតថា វាគឺជារឿងដ៏ប្រសើរសម្រាប់ប្រទេសយើងទាំងពីរ ហើយក៏ជារឿងល្អមួយសម្រាប់តំបន់ និងលើសពីនេះទៀតផងដែរ>>។
គួរបញ្ជាក់ថា អាមេនីជាផ្លូវការ គឺជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី តាមរយៈអង្គការសន្តិសុខ CSTO ដែលដឹកនាំដោយទីក្រុងមូស្គូ។ ក៏ប៉ុន្តែ ទីក្រុងយ៉េរ៉េវ៉ាន់ បានសម្រេចផ្អាកការចូលរួមរបស់ខ្លួន ជុំវិញអ្វីដែលខ្លួនហៅថា ភាពបរាជ័យរបស់រុស្ស៉ី ដែលជាប់ដៃក្នុងសង្រ្គាមនៅអ៊ុយក្រែន មិនអាចផ្តល់ការជួយគាំទ្រគ្រប់គ្រាន់ដល់អាមេនី ប្រឆាំងនឹងអាស៊ែបៃហ្សង់។ កងទ័ពអាស៊ែបៃហ្សង់ បានដណ្តើមកាន់កាប់តំបន់ Karabakh ដែលគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនជនជាតិអាមេនី អស់រយៈពេលប្រមាណជា៣ទសវត្សរ៍ ក្នុងប្រតិបត្តិការលឿនដូចផ្លែកបន្ទោរមួយ កាលពីឆ្នាំ២០២៣ ជាហេតុបង្ខំឱ្យជនជាតិដើមអាមេនីច្រើនជាង ១០០ ០០០នាក់ ត្រូវរត់ភៀសខ្លួន៕