(ភ្នំពេញ)៖ លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី បើកដំណើរការទទួលពាក្យប្រឡងចូលរៀនថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលតាមប្រព័ន្ធអនឡាញ (https://medical-exam.poscar.cloud/) ។
ពិធីបើកដំណើរការទទួលពាក្យប្រឡងចូលរៀនថ្នាក់ជាតិនេះ ក៏មានការអញ្ជើញចូលរួមពី លោក កែវ ធីវុធ ឧបការីអង្គការប្រឆាំងអំពើពុករលួយ, លោកសាស្ដ្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ ព្រមទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនជាច្រើនទៀត។
លោក សុក ផេង បានថ្លែងថា ការបើកដំណើរការទទួលពាក្យប្រឡងថ្នាក់ជាតិ សម្រាប់បណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាល តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបអនឡាញនេះជាលើកដំបូង ហើយបច្ចេកវិទ្យានេះនឹងរត់ឱ្យទាន់តាមបណ្ដាប្រទេសជឿលឿនថែមទៀត ដែលបណ្ដាប្រទេសលើសកលោកបានធ្លាប់ធ្វើកន្លងមកហើយ។
លោក សុក ផេង បានបន្ដទៀតថា ការទទួលពាក្យប្រឡងថ្នាក់ជាតិចូលរៀនតាមប្រព័ន្ធអនឡាញនេះ គឺអនុវត្តទៅតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ហើយក្នុងគោលបំណងដើម្បីកាត់បន្ថយនូវការចំណាយពេលវេលា និងថវិកា ហើយក៏ជាសម្រួលដល់បេក្ខជនដែលមានបំណងដាក់ពាក្យចូលរួមការប្រឡងឱ្យមានភាពងាយស្រួល និងធានាបាននូវតម្លាភាព និងប្រសិទ្ធភាពនៃការដាក់ពាក្យ។ ការប្រឡងថ្នាក់ជាតិចូលរៀនក្នុងវិស័យសុខាភិបាល គឺដើម្បីជ្រើសរើសនិស្សិតពូកែ មានសមត្ថភាពខ្ពស់ចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាល។
លោកបានឱ្យដឹងថាទៀត <<គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បានជ្រើសយកក្រុមហ៊ុន poscar ជាក្រុមហ៊ុនដែលធ្លាប់មានបទពិសោធន៍ខ្ពស់ជាមួយនឹងការប្រឡងជ្រើសរើសមន្ដ្រីតាមបណ្ដាក្រសួងស្ថាប័ន ដូចជាក្រសួងអប់រំយុវជន និងកីឡា ក្នុងពេលកន្លងទៅនេះ ។ដូច្នេះគណៈកម្មាធិការប្រឡងថ្នាក់ជាតិ មានការទុកចិត្ដ និងជឿជាក់ទៅលើក្រុមហ៊ុន poscar ដែលការរៀបចំនេះ គឺជារៀបចំបែបទំនើប ដែលបានសម្រួលច្រើនដល់ប្រជាពលរដ្ឋយើង ព្រោះថាបើសិនជាពលរដ្ឋយើងមកដាក់ពាក្យប្រឡងនៅរាជធានីភ្នំពេញដោយខ្លួនឯង ចំណាយថវិកាច្រើន ទាំងការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក និងអាចមានបញ្ហាតាមដងផ្លូវទៀត ពិសេសនៅអ្នកនៅតាមបណ្ដាខេត្ដដាច់ស្រយាល។ តាម ខ្ញុំស្មានជាមធ្យមថា ក្នុងបេក្ខជនជាង ១ម៉ឺននាក់មកទូទាំងប្រទេសនេះ នឹងចំណាយថវិកាសរុប ប្រមាណជាង ២០ម៉ឺនដុល្លារ ប៉ុន្ដែនៅពេលនេះបន្ទុកទាំងនេះត្រូវថ្នាក់ជាតិយើងជួយសម្រួល តាមរយៈចុះឈ្មោះតាមប្រព័ន្ធអនឡាញនេះ>>។ ហើយនេះក៏ជាឱកាសមួយ ដែលផ្ដល់នូវសុក្រិតភាពយ៉ាងពិតប្រាកដ មិនក្លែងបន្លំឯកសារបាននោះទេ>>។
ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវដល់សិស្សនិស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ សិស្សដែលចេះ និងពូកែ នឹងប្រឡងជាប់ ហើយជាប់ដោយកិត្ដិយស ហើយបើធ្លាក់ គឺធ្លាក់ដោយអស់ចិត្ដ ដូចប្រសាសន៍របស់សម្ដេចមហាបវរធិបតីភាព បានលើកឡើងកន្លងមកនេះ។
ជាមួយគ្នានេះអ្នកតំណាងពីបណ្ដាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន សម្ដែងនូវអារម្មណ៍រីករាយ សារទរ និងពេញចិត្ដជាខ្លាំង ទៅលើការប្រកាសបើកដំណើរការទទួលពាក្យប្រឡងចូលរៀនថ្នាក់ជាតិ ដោយការទទួលពាក្យស្នើសុំចូលរួមប្រឡងតាមប្រព័ន្ធអនឡាញនេះ។
តាមការបញ្ជាក់របស់លោក ងន់ ម័រ សហស្ថាបនិក ក្រុមហ៊ុន POSCAR Cambodia បានឱ្យដឹងថា ក្រុមហ៊ុនផុស្ការឌីជីធលបានសហការណ៍ជាមួយគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ដើម្បីផ្តល់ប្រព័ន្ធអនឡាញសម្រាប់ទទួលពាក្យប្រឡងចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា ២០២៤-២០២៥។
ការទទួលពាក្យតាមប្រព័ន្ធអនឡាញ បានផ្តល់ភាពងាយស្រួលដល់បេក្ខជន ដោយពុំចាំបាច់ធ្វើដំណើរមកដាក់ពាក្យ និងអាចទទួលព័ត៌មានពីការដាក់ពាក្យបានរហ័ស ប្រព័ន្ធអនឡាញក៏បានផ្តល់ភាពងាយស្រួលដល់ក្រុមការងារទទួលពាក្យ ក្នុងការត្រួតពិនិត្យឯកសារដាក់ពាក្យប្រឡងបានគ្រប់ពេល និងទាញយករបាយការណ៍បេក្ខជនដាក់ពាក្យបានតែម្តង។កន្លងមកក្រុមហ៊ុនផុស្ការ ក៏បានផ្តល់សេវាកម្មឌីជីថលដល់ក្រសួងមុខងារសាធារណៈ សម្រាប់ការដាក់ពាក្យប្រឡងចូលក្របខណ្ឌមន្រ្តីរាជការស៊ីវិលជាច្រើនលើក និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់សេវាប្រព័ន្ធគ្រប់គ្រងសាលារៀនបែបឌីជីថលដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាច្រើននៅក្នុងប្រទេសកម្ពុជា។ការបញ្ជាក់បន្ថែមរបស់លោក ងន់ ម័រ។
សូមជម្រាបថា ការទទួលពាក្យស្នើសុំចូលរួមប្រឡងនេះ គឺបេក្ខជនត្រូវដាក់ពាក្យស្នើសុំចូលរួមប្រឡង តាមរយៈគេហទំព័រ https://medical-exam.poscar.cloud/ ឬតាមរយៈ QR Code។ ការដាក់ពាក្យចូលរួមប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទី។ ការដាក់ពាក្យចូលរួមប្រឡងចូលរៀនថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នឹងចាប់ផ្តើមពីថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទី៕
https://t.me/NECHScambodia