(វ៉ាស៊ីនតោន)៖ ក្រុមទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ បានទទួលស្គាល់ថា ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពសម្រាប់សង្រ្គាមនៅអ៊ុយក្រែន នឹងត្រូវការពេលវេលាច្រើនខែ មិនមែនត្រឹមតែ <<ថ្ងៃដំបូង>> ដូចដែលបានសន្យាក្នុងអំឡុងយុទ្ធនាការបោះឆ្នោតនោះទេ។
សហការីពីររូបដែលបានពិភាក្សាពីបញ្ហាអ៊ុយក្រែន ជាមួយលោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់ Reuters ថា ពួកគេរំពឹងថានឹងត្រូវការពេល <<រាប់ខែ>> ដើម្បីឈានដល់ដំណោះស្រាយ។ ការណ៍នេះគឺជាការកែតម្រូវយ៉ាងខ្លាំង ពីការសន្យាដ៏អង់អាចរបស់ប្រធានាធិបតីជាប់ឆ្នោតរូបនេះ។
ឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg ដែលត្រូវបានតែងតាំងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការអ៊ុយក្រែននិងរុស្ស៊ី បានបញ្ជាក់នៅក្នុង បទសម្ភាសន៍ ជាមួយ Fox News ថា លោករំពឹងថានឹងមាន <<ដំណោះស្រាយ>> ក្នុងរយៈពេល ១០០ ថ្ងៃ ដែលជាការពន្យារពេលគួរឱ្យកត់សម្គាល់។
ទោះបីជាយ៉ាងណា លោក John Herbst អតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែនមើលឃើញថា សូម្បីតែកាលបរិច្ឆេទ ១០០ ថ្ងៃនេះ ក៏នៅតែមានសុទិដ្ឋិនិយមជ្រុលផងដែរ ដោយលើកឡើងពីភាព ចាំបាច់ក្នុងការបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ី ពូទីន ឱ្យទទួលយកការសម្របសម្រួល។
គួរបញ្ជាក់ថា ចាប់តាំងពីជ័យជម្នះក្នុងការបោះឆ្នោត អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានបន្ទន់វោហាសាស្ត្ររបស់ខ្លួន ដោយគ្រាន់តែលើកឡើងថា លោកនឹង <<ដោះស្រាយ>> ជម្លោះដោយមិនបានផ្តល់ពេលវេលាកំណត់ច្បាស់លាស់ទេ។ លោកថែមទាំងបានទទួលស្គាល់ថា ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននឹងមាន ភាពស្មុគស្មាញជាងការឈានដល់បទឈប់បាញ់ នៅហ្គាហ្សា៕