(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា និងអ៉ីរ៉ង់។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្តីពី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឱ្យលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៉ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត Nazari បានលើកឡើងអំពីស្ថានភាពបច្ចុប្បន្ននៃ ទំនាក់ទំនងទ្វេភាគី និងបានរំលឹកអំពីការប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-អ៉ីរ៉ង់ កាលពីឆ្នាំ២០២២។
លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត Nazari បានពិភាក្សាអំពីកិច្ច ខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល និងថាមពល ព្រមទាំងបានស្វាគមន៍ចំពោះវឌ្ឍនភាពលើការបិទបញ្ចប់កិច្ច ព្រមព្រៀងសំខាន់ៗ រួមមាន កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទុនរវាងកម្ពុជា និងអ៉ីរ៉ង់ ការបង្កើតគណៈកម្មការសេដ្ឋកិច្ចចម្រុះ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការប្រេងកាត។
លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត Nazan ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុង តំបន់ និងអន្តរជាតិ រួមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផងដែរ៕