(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើដល់ស្ថាប័នមានសមត្ថកិច្ចយកចិត្តទុកដាក់ពង្រឹងការអនុវត្ត <<ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ>> ឱ្យបានម៉ឺងម៉ាត់បំផុត។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សសរុបជាង២ម៉ឺននាក់ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អំពើប្រល័យពូជសាសន៍ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត គឺជា តថភាពប្រវត្តិសាស្ត្រមួយ។ ឯជ័យជម្នះថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលបានរំដោះជាតិ និងប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ គឺជាតថភាពប្រវត្តិសាស្ត្រមួយទៀត។ ប្រជាជនកម្ពុជាត្រូវរង់ចាំ៤៣ឆ្នាំ ទើបទទួលបានយុត្តិធម៌ចំពោះការទទួលរងឧក្រិដ្ឋកម្មដែលរបបកម្ពុជាប្រជាធិបតេយ្យបានប្រព្រឹត្តមកលើខ្លួន ជាមួយនឹងការបិទបញ្ចប់នូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា <<ខ្ញុំក៏សូមស្នើដល់ស្ថាប័នមានសមត្ថកិច្ចយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យឱ្យបានម៉ឺងម៉ាត់បំផុតផងដែរ>>។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា សន្តិភាព និងការផ្សះផ្សា គឺជាបញ្ហាចម្បងរបស់ពិភពលោក ខណៈពេលសង្គ្រាមកំពុងតែឆាប ឆេះយ៉ាងសន្ធោរសន្ធៅនៅតាមតំបន់មួយចំនួន ដោយពាក់ព័ន្ធនឹងតួអង្គប្រកបដោយសក្តានុពលជាច្រើន ដែលគម្រាមកំហែងដល់អរិយធម៌មនុស្សជាតិ។ ប្រជាជនដែលរស់នៅក្នុងតំបន់សង្គ្រាមកំពុងស្រែកដង្ហោយ រកសន្តិភាពដែលត្រូវធ្វើឱ្យបាត់បង់ទៅ ដោយមិនដឹងថាសន្តិភាពនឹងកើតមានវិញនៅពេលណាឡើយ។ សម្រាប់កម្ពុជាយើង ទោះបីយើងមានសន្តិភាពពេញលេញ២៦ឆ្នាំមកហើយក្តី ក៏សន្តិភាពនៅតែជាបញ្ហាបច្ចុប្បន្នភាពក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង ក្នុងពេលដែលនៅតែមានពួកជ្រុលនិយមមួយចំនួនតូច ព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយមមកលើសង្គមជាតិយើង សំដៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលនោះគឺជាការគម្រាមកំហែងពិតដល់សន្តិភាព។
កម្ពុជាបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើន ទសវត្ស ដូចនេះយើងដឹងច្បាស់ណាស់អំពីសារៈសំខាន់ដែលពុំអាចកាត់ថ្លៃបាននៃសន្តិភាព។ នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយ អាស្រ័យហេតុនេះ សូមយើងទាំងអស់គ្នាពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាពដែលរកបាន មកដោយលំបាកបំផុតនេះ ឱ្យគង់វង្សជារៀងដរាបលើទឹកដីមាតុភូមិដ៏កម្សត់របស់យើង អនុញ្ញាតដាច់ខាតឱ្យជនណា ឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ។
ក្នុងស្មារតីនេះ សម្ដេចតេជោយល់ថាវាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬ ក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។ ព្រមជាមួយនោះ យើងក៏ត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាពនឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ។
សូមរំលឹកថា របបកម្ពុជាប្រជាធិបតេយ្យមានរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលបានបង្កឲ្យប្រជាជនស្លាប់ប្រមាណជាង៣លាននាក់៕