Fresh Exclusive: អត្ថបទស៊ីជម្រៅ៖ កម្ពុជាដល់ពេលវេលាបង្កើតច្បាប់ ដើម្បីដាក់ក្រុមជ្រុលនិយម ជាក្រុមអង្គការភេរវករហើយ!

Posted By: RoogRog Robot | 08-Jan-2025 05:42:24

2025-01-08 12:36pm

(ភ្នំពេញ)៖ ដំណើររបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលហួសឆ្ងាយពីបន្ទាត់ក្រហមនៃលទ្ធិ ប្រជាធិបតេយ្យ បានជម្រុញឱ្យប្រទេសកម្ពុជាដែលជាសមាជិករបស់អង្គការសហប្រជាជាតិ មើលឃើញថា វាជាពេលវេលាមួយក្នុងការដាក់ក្រុមទាំងនោះ ជាក្រុមនៃអង្គការភេរវករ ហើយ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ…

ប្រវត្តិនៃការធ្វើដំណើររបស់ប្រទេសកម្ពុជា ពីកោះសន្តិភាពធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលជិត ៣០ឆ្នាំ ទម្រាំស្វែងរកសន្តិភាពពិតប្រាកដបានមកវិញក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាសក្ខីភាពនៃភាពធន់ និងការរួបរួមរបស់ប្រជាជនខ្មែរដ៏ពិតប្រាកដ។ ប៉ុន្តែអំពើប៉ុនប៉ងចង់នាំប្រទេសដែលសន្តិភាពរកបានដោយលំបាកក្រោមការធ្វើពលិកម្មជីវិតរបស់យុទ្ធជន និងយុទ្ធនារីច្រើនសិបម៉ឺននាក់ទម្រាំបានដូចបច្ចុប្បន្ននេះ គឺជាបំណងចង់បំផ្លាញសុភមង្គលរបស់ប្រជាជន និងភាពរុងរឿងរបស់ជាតិ ដែលគេមិនអាចអត់ធ្មត់ទៀតបានឡើយ។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧មករា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញដែលស្នើឱ្យមានការធ្វើច្បាប់រារាំងអំពើ ទុច្ចរិតរបស់ក្រុមជ្រុលនិយមដែលមានគំនិតមិនល្អចំពោះជាតិខ្មែរនោះ គឺជាប្រសាសន៍មួយ ដ៏មានអត្ថន័យជាទីបំផុត៖ <<ក្នុងស្មារតីនេះ ខ្ញុំយល់ថា វាដល់ពេលហើយ ដែលត្រូវកសាងច្បាប់ និងកំណត់ចំពោះជនណា ឬ ក្រុមណាដែលមានគម្រោងការ ឬអំពើគប់គិត បង្កើតចលនាប្រឆាំងជ្រុលនិយមបង្កភាពវឹកវរអសន្តិសុខ ក្នុងសង្គមបង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព ព្រមជាមួយនោះ យើងក៏ត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាព នឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន>>។

• ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវបង្កើតច្បាប់ ដើម្បីដាក់ពួកក្រុមជ្រុលនិយម ជាពួកអង្គការបង្កភេរវកម្ម?

ក្នុងការបង្កើតច្បាប់ដែលកំណត់ក្រុមជ្រុលនិយមជាពួកនៃអង្គការភេរវកម្ម គឺជាវិធានការចាំបាច់ និងទាន់ពេលវេលា ដើម្បីការពារសន្តិភាពជាតិដែលពិបាកនឹងរកបាន និងការពារកុំឱ្យមានប្រវត្តិសាស្ត្រច្រំដែលកើតឡើងសាជាថ្មី។

ក្រុមជ្រុលនិយម ដើម្បីប្រឆាំងនឹងចក្ខុវិស័យនយោបាយនាំប្រទេសសម្រេចបានជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ បានប្រកាសបង្កើតចលនាតស៊ូ និងរដ្ឋាភិបាលនិរទេសនៅក្រៅស្រុក ជាមួយការអំពាវនាវឱ្យមានអំពើបះបោរប្រឆាំងក្នុងស្រុក ក្រោមការបង្កើតលេសនយោបាយប្រជាភិថុតិមួយចំនួន ចោទប្រកាន់រឿងយួនលេបទឹកដីខ្មែរ, ការចោទប្រកាន់ថារាជរដ្ឋាភិបាលបានឱ្យបាត់បង់ទឹកដី និងកោះឱ្យទៅបរទេស, ការចោទប្រកាន់នូវលេសបំពានសិទ្ធិមនុស្ស និងបំពានប្រជាធិបតេយ្យ និងលេសចោទប្រកាន់អំពើពុករលួយជាដើម។ ទង្វើរបស់ក្រុមជ្រុលនិយម ដែលប៉ុនប៉ងចង់ដុតបញ្ឆេះជាតិរបស់ខ្លួនឱ្យធ្លាក់ចូលក្នុងសង្គ្រាមសាឡើងវិញនេះ គឺជាទង្វើ ដែលដើរហួសឆ្ងាយពីបន្ទាត់ក្រហមនៃដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលគេមិនគប្បីអាចអត់ធ្មត់ទៀតបានឡើយ។

សារៈសំខាន់សម្រាប់ហេតុផលនៃការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមទាំងនោះ ជាក្រុមអង្គការភេរវកម្ម អាចស្ថិតក្រោមចំណុចមួយចំនួនដូចតទៅនេះ៖

១៖ ការពារសន្តិភាព និងស្ថិរភាពប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ ជាមួយហាយនភាពបន្សល់ទុកយ៉ាងច្បាស់ក្រឡែត ដែលជាតឹកតាងបញ្ជាក់ប្រាប់មនុស្សជំនាន់ក្រោយថា សន្តិភាពដែលរកបានដោយលំបាកដោយឥស្សរជននយោបាយកម្ពុជាកន្លងមកនេះ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ខ្លួន។ ការតាក់តែងច្បាប់កំណត់គោលដៅ និងរារាំងអំពើខុសច្បាប់ចំពោះក្រុមជ្រុលនិយម នឹងក្លាយជាច្បាប់មួយ ដែលនឹងអាចធានាថា អ្នកណាដែលស្វែងរកការរំខានដល់ភាពសុខដុមរមនាក្នុងសង្គម ឬអ្នកណាដែលញុះញង់ឱ្យមានអំពើហឹង្សា អ្នកនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលទប់ស្កាត់អស្ថេរភាព និងភាពចលាចល មិនឱ្យវិលត្រឡប់មកកម្ពុជាវិញសាជាថ្មីបានឡើយ។

២៖ ការពារសន្តិសុខជាតិ

ក្រុមជ្រុលនិយម តែងតែធ្វើសកម្មភាពជាមួយចេតនាបំផ្លាញស្ថាប័នជាតិ បង្កើតការភ័យខ្លាច និងចង់ធ្វើឱ្យរដ្ឋាភិបាលមានអស្ថិរភាព។ ក្រុមជ្រុលនិយម បានញុះញង់ឱ្យពលរដ្ឋបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការបោះឆ្នោតសកល៥ឆ្នាំម្តង ប្រើប្រាស់វេហាសាស្ត្រប្រមាថជាតិកម្ពុជា និងព្រះមហាក្សត្រជាទីគោរពសក្ការៈ ញុះញង់ឱ្យកងកម្លាំងប្រដាប់ អាវុធបំបែរចុងកាណុងប្រឆាំងរាជរដ្ឋាភិបាល និងការប្រឌិតព័ត៌មានញុះញង់ផ្សេងៗជាច្រើន ដើម្បីការប៉ុនប៉ងបង្កចលាចលក្នុងសង្គម។

ដូច្នេះការបង្កើតច្បាប់ដាក់ពួកក្រុមជ្រុលនិយមជាក្រុមអង្គការភេរវកម្ម គឺជាមធ្យោបាយដ៏ស្របច្បាប់បំផុត ដើម្បីឱ្យកម្ពុជាអាចការពារអធិបតេយ្យភាព សន្តិសុខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន ក្នុងការសម្រេចចក្ខុវិស័យនាំប្រទេសទៅរកត្រើយសុភមង្គលរបស់ខ្លួន ប្រកបដោយជោគជ័យ ដោយគ្មានបារម្ភ នឹងឧបសគ្គរារាំងដំណើរអភិវឌ្ឍន៍របស់ជាតិឡើយ។

៣៖ ការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋលទ្ធិប្រជាធិបតេយ្យ អាចរីកចម្រើនទៅបានលុះត្រាតែសង្គមជាតិស្ថិតក្នុងបរិយាកាសស្ថិរភាព និងការអនុវត្តច្បាប់។ ច្បាប់ដើម្បីដាក់ក្រុមជ្រុលនិយមជាក្រុមភេរវករ នឹងជួយបង្កើតក្របខណ្ឌនិតិរដ្ឋដើម្បីដោះស្រាយរាល់អំពើគំរាមកំហែងទាំងឡាយ ក្នុងលក្ខណៈស្របតាមគោលការណ៍ប្រជាធិបតេយ្យ ដោយធានាថាការអនុវត្តច្បាប់ប្រឆាំងក្រុមជ្រុលនិយម គឺជាសកម្មភាពដែលមានភាពស្របច្បាប់ និងតម្លាភាព ខណៈពេលដែលប្រទេសត្រូវការរក្សាសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយ។

៤៖ ទប់ស្កាត់ជម្លោះបរទេស និងក្នុងប្រទេស

សកម្មភាពក្រុមជ្រុលនិយមដែលគ្មានច្បាប់រារាំងសោះនោះ អាចនាំឱ្យមានជម្លោះក្នុងប្រទេស និងធ្វើឱ្យទំនាក់ទំនងរបស់ជាតិខ្មែរ កាន់តែតានតឹងជាមួយប្រជាជាតិដទៃៗទៀត។ ច្បាប់បែបនេះនឹងទប់ស្កាត់ជម្លោះនានាទាំងឡាយ ដែលក្រុមជ្រុលនិយមព្យាយាមចង់ដុតបញ្ឆេះ និងជាច្បាប់ដែលនឹងត្រូវអនុវត្តដោយសកម្ម និងប្រកបដោយការទទួលខុសត្រូវ។

៥៖ ច្បាប់ដែលស្របជាមួយនឹងស្តង់ដារសកល

ប្រទេសជាច្រើនជុំវិញពិភពលោក បានអនុម័តច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងភាពជ្រុលនិយម។ តាមរយៈការធ្វើដូចគ្នានេះ កម្ពុជាមិនត្រឹមតែការពារប្រជាពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងសហការជាមួយកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខពិភពលោកផងដែរ។

៦៖ ការរក្សាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម

សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ សកម្មភាពជ្រុលនិយម ជារឿយៗបង្កការរំខានដល់ជីវិតប្រចាំថ្ងៃ រារាំងការវិនិយោគពីបរទេស និងបង្កើតបរិយាកាសនៃការភ័យខ្លាច។ ច្បាប់ដែលទប់ស្កាត់សកម្មភាពបែបនេះ គាំទ្រដល់ការអភិវឌ្ឍន៍ និងវិបុលភាពរបស់កម្ពុជា។

៧៖ រៀនពីប្រវត្តិសាស្ត្រ

ដោយឆ្លងកាត់សង្រ្គាមស៊ីវិលជិត ៣០ឆ្នាំ កម្ពុជាយល់ពីផលវិបាកដ៏អាក្រក់នៃការបែកបាក់ និងអំពើហិង្សា។ ច្បាប់នេះ គឺជាវិធានការបង្ការ ដើម្បីធានាថា គ្មានបុគ្គល ឬក្រុមណាមួយអាចកេងចំណេញពីហេតុផលនយោបាយ ដើម្បីទម្លាក់ប្រទេសកម្ពុជា ឱ្យធ្លាក់ចូលទៅក្នុងជម្លោះ បានទៀតនោះទេ។

• តើប្រទេសណាខ្លះលើសកលលោកនេះ ដែលធ្វើច្បាប់ដាក់ក្រុមជ្រុលនិយមជាអង្គការភេរវករ?

នៅលើសកលលោកនេះ មានប្រទេសជាច្រើ បានបង្កើតច្បាប់របស់គេ ដើម្បីដាក់ក្រុមជ្រុលនិយមជាអង្គការភេរវករ ក្នុងគោលបំណងការពារសន្តិសុខជាតិ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ឧទាហរណ៍មួយចំនួនគួរឱ្យកត់សម្គាល់មានដូចតទៅនេះ៖

នៅសហរដ្ឋអាមេរិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្កើតនូវបញ្ជីនៃអង្គការភេរវករបរទេស (FTOs) Foreign Terrorist Organizations នៅក្រោមផ្នែក២១៩ នៃច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិ។ ច្បាប់តាក់តែងក្នុងសហរដ្ឋអាមេរិកនេះ បានតាក់តែងការដាក់ទណ្ឌកម្មលើសមាជិក និងអ្នកគាំទ្រក្នុងក្រុមដែលច្បាប់បានកំណត់ជាពួកអង្គការភេរវករផងដែរ។

នៅចក្រភពអង់គ្លេស៖ នៅក្រោមច្បាប់ភេរវកម្មឆ្នាំ២០០០ Terrorism Act 2000, រដ្ឋាភិបាលចក្រភពអង់គ្លេស បានរារាំងនិងហាមឃាត់អង្គការជាច្រើន ដែលជាប់ពាក់ព័ន្ធក្នុងអំពើភេរវកម្ម។ ច្បាប់បានសរសេរថា ភាពជាសមាជិក ឬការគាំទ្រទាំងឡាយណា ដែលពាក់ព័ន្ធនឹងក្រុមអង្គការដែលគេបានហាមឃាត់ទាំងនោះ គឺជាបទល្មើសព្រហ្មទណ្ឌ។

ប្រទេសកាណាដា៖ រដ្ឋាភិបាលកាណាដា បានបង្កើតនូវបញ្ជីនៃអង្គភាពភេរវករ ក្រោមក្រមព្រហ្មទណ្ឌរបស់ខ្លួន។ ច្បាប់បានចែងថា បើមានការរកឃើញបុគ្គលណា ក្រុមណា អង្គភាពណា ឬផ្នែកមួយមួយណា ដែលពាក់ព័ន្ធគាំទ្រអង្គភាពស្ថិតក្នុងបញ្ជីហាមឃាត់នោះ គឺជាអំពើខុសច្បាប់។

សហភាពអឺរ៉ុប៖ សហភាពអឺរ៉ុប ក៏មានមានបញ្ជីរួមនៃឈ្មោះបុគ្គល ក្រុម និងអង្គភាពដែលត្រូវដាក់ទណ្ឌកម្ម ក្នុងអំពើពាក់ព័ន្ធនឹងសកម្មភាពភេរវករ។ ច្បាប់នេះ អនុញ្ញាតឱ្យមានសកម្មភាពសម្របសម្រួលប្រឆាំងនឹងក្រុមដែលគេបានកំណត់នៅទូទាំងរដ្ឋជាសមាជិកទាំងឡាយ។

អូស្ត្រាលី៖ អូស្ត្រាលី ក៏មានបង្កើតបញ្ជីអង្គការភេរវជនក្រោមច្បាប់ក្រមព្រហ្មទណ្ឌឆ្នាំ១៩៩៥ផងដែរ។ ការចូលរួមជាមួយក្រុមទាំងនេះ អាចឈានដល់ការចោទប្រកាន់ដល់ទោសព្រហ្មទណ្ឌ។

ក្រៅពីប្រទេសអូស្ត្រាលី ច្បាប់ដាក់ក្រុមជ្រុលនិយម ជាអង្គការភេរវករក៏មានស្រដៀងគ្នានៅ ក្នុងប្រទេសនូវែលហ្សេឡង់, ប្រទេសឥណ្ឌា, ប្រទេសរុស្ស៊ី និងប្រទេសនានាទាំងឡាយក្នុង បណ្តាទ្វីបរបស់សកលលោក។ ការបង្កើតច្បាប់ប្រឆាំងក្រុមជ្រុលនិយម គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រឆាំងភេរវកម្មដ៏ទូលំទូលាយ ដើម្បីទប់ស្កាត់សកម្មភាពជ្រុលនិយម និងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ។

កន្លងមកនេះមនោគមវិជ្ជាសាបព្រួស និងសកម្មភាពជ្រុលនិយមរបស់មេខ្លោងឈ្មោះ សម រង្ស៊ី និងបក្ខពួក មិនត្រឹមតែគំរាមកំហែងដល់សន្តិសុខជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចតម្លៃប្រជាធិបតេយ្យ ដែលកម្ពុជាបានធ្វើការដោយមិនចេះនឿយហត់ដើម្បីការរក្សានូវតម្លៃទាំងនោះ។ តាមរយៈការកំណត់អត្តសញ្ញាណបុគ្គល ឬក្រុមដែលញុះញង់បង្កឱ្យមានភាពវឹកវរ រំខានដល់ភាពសុខដុមរមនាក្នុងសង្គម ឬធ្វើឱ្យខូចទំនាក់ទំនងជាមួយប្រជាជាតិដទៃ កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួ នក្នុងការថែរក្សាបរិយាកាសសន្តិភាពសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។

ច្បាប់ដាក់ក្រុមជ្រុលនិយមជាពួកភេរវករ គឺជាការរារាំងដ៏មានប្រសិទ្ធភាពដល់អ្នកដែលស្វែងរកអស្ថិរភាពចង់កកូរកកាយប្រទេសកម្ពុជាក្រោមហេតុផលនយោបាយ។ ច្បាប់ប្រឆាំងនឹងពួក ក្រុមជ្រុលនិយមនោះ ក៏ជាម៉ែត្រវាស់មួយរបស់កម្ពុជាក្នុងកិច្ចសហការជាសាកល ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងរក្សាសន្តិភាពអន្តរជាតិ។ ភាពសំខាន់នោះ គឺថាការអនុវត្តច្បាប់ដើម្បីប្រឆាំងនឹងក្រុមជ្រុលនិយម គឺជាសកម្មភាពដែលមានមូលដ្ឋានត្រឹមត្រូវ មាននៅក្នុងច្បាប់ និងគោរពគោលការណ៍ប្រជាធិបតេយ្យថែមទៀត។

ប្រជាជនកម្ពុជា ដែលធ្លាប់ឈឺចាប់និងបង្ហូរទឹកភ្នែកដោយសារភាពបែកបាក់គ្រួសារ ដោយសារសង្គ្រាម សមនឹងទទួលបាននូវអនាគតមួយ ដែលរួចផុតពីស្រមោលនៃភាពជ្រុលនិយម និងអំពើហិង្សា។ តាមរយៈការគាំទ្រច្បាប់នេះ កម្ពុជាបញ្ជាក់ឡើងវិញនូវការយកចិត្តទុកដាក់ចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់។ ឥឡូវនេះជាពេលដែលកម្ពុជាត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ដើម្បីការពារអ្វីដែលរាជរដ្ឋាភិបាលជាមួយកិច្ចសហការពីប្រជាពលរដ្ឋរបស់ខ្លួន ដែលបានកសាងឡើងដោយភាពឧស្សាហ៍ព្យាយាម និងការនាំប្រទេសឈានទៅកាន់ត្រើយសុភមង្គល។

តាមរយៈការបង្កើតច្បាប់នេះ កម្ពុជានឹងអាចពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព និងក៏ការផ្ញើសារដ៏រឹងមាំមួយប្រាប់ទៅវិញថាភាពជ្រុលនិយម និងអំពើភេរវកម្ម គឺកម្ពុជា នឹងមិនឱ្យមានកន្លែងកើតឡើងនៅក្នុងសង្គមរបស់ខ្មែរបានឡើយ៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...