(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ លោក គី តិច ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានលើកឡើងថាដោយឆ្ងល់និងសួរទៅអ្នកនយោបាយល្ងីល្ងើមួយចំនួនថា តើអ្នកផ្អែកលើមូលដ្ឋានស្អី ដែលហ៊ានវិនិច្ឆ័យចោទប្រកាន់ ទំលាក់កំហុសមកលើថ្នាក់ដឹកនាំ ពាក់ព័ន្ធការបាញ់សម្លាប់លោក លិម គិមយ៉ា។
ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការចោទប្រកាន់មួលបង្កាច់ និងទម្លាក់កំហុសដោយអសុទ្ធចិត្តនេះ គឺជាបទល្មើសព្រហ្មទណ្ឌ។
តាមបណ្តាញទំនាក់ទំនងសង្គមរបស់ទេសរដ្ឋមន្ត្រី គី តិច នៅរាត្រីថ្ងៃពុធនេះ បានរៀបរាប់និងបញ្ជាក់យ៉ាងដូច្នេះថា៖
នៅថ្ងៃទី៧-១-២០២៥ លោក លឹម គីមយ៉ា ជាអ្នកនយោបាយខ្មែរមួយរូប មានសញ្ជាតិបារាំង ត្រូវបានឃាតកបាញ់ប្រហារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ។ ខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងកំពុងអនុវត្តនីតិវិធី ។
ក្នុងឋានៈជាជនជាតិខ្មែរតែមួយ ខ្ញុំសុំចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយគ្រួសារនៃសព និងសុំប្រកាសថ្កោលទោសលើខ្មាន់កាំភ្លើង និងប្រកាសថ្កោលទោសពេញមួយទំហឹង ចំពោះអ្នកនយោបាយក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែលមានចេតនាបង្កប់ដោយអំពើទុច្ចរិត ធ្វើការសន្និដ្ឋានបែបអគតិ ប្រឌិតមួលបង្កាច់ ចោទប្រកាន់ទំលាក់កំហុសបង្វែដាក់លើថ្នាក់ដឹកនាំជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ពេលនេះជនល្មើស កំពុងស្ថិតក្នុងចំណាត់ការសួរយកចម្លើយ រីឯសមត្ថកិច្ចក៏ពុំទាន់បានសន្និដ្ឋានវាយតម្លៃជាក់លាក់ណាមួយនៅឡើយដែរ ។ ខ្ញុំឆ្ងល់និងចង់សួរទៅអ្នកនយោបាយល្ងីល្ងើខ្លះថា តើអ្នកផ្អែកលើមូលដ្ឋានស្អី ដែលហ៊ានវិនិច្ឆ័យចោទប្រកាន់ទំលាក់កំហុសមកលើថ្នាក់ដឹកនាំ របស់ប្រជាជាតិខ្មែរ បែបនេះ ?
ខ្ញុំសូមរំឭកជូនសាធារណជនជ្រាបថា អំពើបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈការថ្លែងមួលបង្កាច់ ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងអំពើញុះញង់ឱ្យមានភាពវឹកវរ បង្កអសន្តិសុខដល់សង្គមជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានកំណត់ចែង និងផ្តន្ទាទោស នៅក្រោមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕