(ភ្នំពេញ)៖ ត្រឹមរយៈពេល៩ថ្ងៃប៉ុណ្ណោះ (ថ្ងៃទី១ ដល់ ៩ ខែមករា ឆ្នាំ២០២៥) យ៉ាងហោចណាស់មានសប្បុរសជនជាង ៤២០០នាក់ បានចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពរបស់ខ្លួន ទោះតិចក្តី ច្រើនក្តី ដើម្បីចូលរួមគាំទ្រដល់ដំណើរការបេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាន និងកំពុងជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់លាននាក់ រួមទាំងស្ត្រីមានផ្ទៃពោះ និងសម្រាលកូនផងដែរ។
សប្បុរសជនជាង ៤២០០នាក់ បានបរិច្ចាគថវិការបស់ខ្លួន ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា សរុបចំនួនជិត ១លានដុល្លារអាមេរិក។
មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាប់ទិន្នន័យដល់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះថា <<តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹម និងជូនពរទារក និងកុមារ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស. ២០២៥ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ (គិតត្រឹមម៉ោង ១០៖៣០នាទីព្រឹក) ចំនួនសប្បុរសជនដែលបានបរិច្ចាគជាង ៤ ២០០នាក់ ដោយទទួលបានថវិកាបរិច្ចាគគិតជាដុល្លារប្រមាណ ៩២៣ ៣៩៥ដុល្លារ>>។
សូមជម្រាបថា ពេញមួយឆ្នាំ២០២៤ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី៧ (សៀមរាប) បានពិនិត្យ និងព្យាបាលអ្នកជំងឺកុមារ និងស្ត្រីមានផ្ទៃពោះ-ឆ្លងទន្លេ ដោយឥតគិតថ្លៃសរុប ១ ២៥៣ ៧៧៤ករណី។ ក្នុងនោះរួមមាន៖
* ពិនិត្យព្យាបាលកុមារ នៅផ្នែកពិគ្រោះជំងឺក្រៅ បានចំនួន ៩៤១ ១៦៥ករណី* ព្យាបាលកុមារសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ មានចំនួន ១៨៥ ៧៣៥នាក់* ស្ត្រីមានផ្ទៃពោះ បានពិនិត្យតាមដានផ្ទៃពោះ ចំនួន ១០៥ ៣៩៦ករណី* សម្រាលកូន បានចំនួន ២១ ១៣៩នាក់* ការវះកាត់ទូទៅ ចំនួន ៣១ ២៤៧នាក់* វះកាត់ជំងឺបេះដូងពីកំណើត បានចំនួន ១ ០២៩នាក់* អត្រាមរណភាពកុមារក្នុងមន្ទីរពេទ្យ (hospitalized mortality Rate)៖ ០.៣៥% (7% in 1998)* ចំនួនគ្រែសរុប ២០៨៧គ្រែ (សម្ភពមាន ២២៧គ្រែ) និងចំនួនបុគ្គលិកសរុប ២៦៨១នាក់។
ក្នុងមួយឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការចំណាយជាមធ្យមប្រមាណជាង ៤០លានដុល្លារអាមេរិក ក្នុងបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះរាប់លាននាក់នៅកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា មានសម្តេចមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប្រធានកិត្តយស។
ក្នុងឱកាសលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ លោកជំទាវបានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុកម៉ែបងប្អូន និងកូនក្មួយទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
បន្ទាប់ពីការអំពាវនាវនេះ មានសប្បុរសជនជាច្រើនបន្តបន្ទាប់ មានទាំងឧកញ៉ា មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ បានចូលរួមបរិច្ឆាគថវិកា តាមលទ្ធភាពរៀងៗខ្លួន។
សូមចូលរួមបរិច្ចាគថវិកា ទោះជាតិចក្តី ច្រើនក្តីតាមលទ្ធភាព ក្នុងស្មារតី <<ខ្មែរជួយខ្មែរ>> ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផា បន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះនៅកម្ពុជា។
* សម្រាប់លិខិតថ្លែងអំណរគុណ បន្ទាប់ពីសប្បុរសជនបានបរិច្ចាគរួចរាល់ សូម Print Screen ចំនួនទឹកប្រាក់ដែលបរិច្ចាគ រួចផ្ញើទៅកាន់គ្រុប CoolApp របស់ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈលីងខាងក្រោម៖
https://group.coolapp.chat/#CjQKIFGEaHdDE-hKi_3B3mGAfOa5LAgN-C9eg5k14PC8yRikEhDu7etYndSQUVOkD1ybmSLN
ស្កេន: QR Code ដែលបានភ្ជាប់ជូននៅខាងក្រោម ឬទាក់ទងលេខ៖ 016 808 905 , 061 70 1111