(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថានបានល្អប្រសើរក្នុងព្រឹត្តិការណ៍ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤, ព្រឹត្តិការណ៍ <<សាទរកម្ពុជា>> និងព្រឹត្តិការណ៍អបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥កន្លងមកនេះ។
ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក កើត ឆែអភិបាលរងរាជធានីតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា កន្លងមកនេះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថាន ក្នុងព្រឹត្តិការណ៍ធំៗ ចំនួន៣បានយ៉ាងល្អប្រសើរ នោះគឺព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤, ព្រឹត្តិការណ៍ <<សាទរកម្ពុជា>> និងព្រឹត្តិការណ៍ អបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥។
បន្ថែមពីនេះ សមាជិកក្រុមប្រឹក្សាសរសើររដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ ក្រោយពិធីបុណ្យធំៗចប់ឃើញថា ទីក្រុងស្អាតមានបរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ។ ការដោះស្រាយវិវាទដីធ្លី រដ្ឋបាលរាជធានី ក៏បានអនុវត្តបានល្អ។ ចំណែកការផ្តល់សេវាតាមច្រកចេញ ចូលតែមួយវិញ ក៏បានអនុវត្តបានល្អប្រសើរផងដែរ ដែលបានបង្ហាញពីជំនឿទុកចិត្តពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។
ក្នុងឱកាសនោះ ជាការឆ្លើយតបលោក កើត ឆែ អភិបាលរងរាជធានី បានលើកឡើងថា ការកោតសរសើររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លើការងាររបស់អាជ្ញាធររាជធានីភ្នំពេញ នេះគឺជាជាការលើកទឹកចិត្ត ដូចជាផ្ដល់កម្លាំងចិត្តឲ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បំពេញការងារបានកាន់តែល្អបន្តទៀត។
លោក កើត ឆែ បានបន្តទៀតថា ការងារចំពោះមុខនេះ ថ្នាក់ជាតិនឹងទំលាក់ការងារចំនួន២ទៀត មកឲ្យរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារជូនប្រជាពលរដ្ឋឲ្យកាន់តែល្អបន្តទៀតនោះ គឺការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ លោកបញ្ជាក់ថា នៅពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) នឹងចុះ MOU ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយចុះ MOU ជាមួយគ្នាហើយ រាល់កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានអានុភាព អនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានសម្រេចតែងតាំងមន្ត្រីរាជការ ចំនួន២រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញផងដែរ។ ក្នុងនោះ រួមមាន លោក សាំង សុភៈវិចិត្រ ឋានន្តរស័ក្តិ ឧត្តមមន្រ្តី ថ្នាក់លេខ៤ អតីតអភិបាលរងខណ្ឌសែនសុខ ត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជា នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និងលោក ព្រំ បញ្ញា ឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជានាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស៕