(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញធ្វើបាឋកថាប្រធានបទស្តីពី <<ការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង>> ជូនដល់សិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល ជំនាន់ទី៧ សរុប១៥១នាក់ ដើម្បីចែករំលែក បទពិសោធន៍ជាក់ស្តែង នៃការដឹកនាំកងកម្លាំងអនុវត្តវិធានការបង្រ្កាបបទល្មើសជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា បទល្មើសជាក់ស្តែង គឺជាបទល្មើសដែលជនសង្ស័យកំពុងប្រព្រឹត្ត និងទើបតែប្រព្រឹត្តភ្លាមៗ រួមមានបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលកើតឡើងដេញប្រផាប់ចាប់ប្រភីង។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តទៀតថា ចំណែកការអនុវត្តវិធានការបង្រ្កាបបទល្មើសជាក់ស្តែង គឺត្រូវប្រើប្រាស់កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យ ជាមួយនឹងការប្រើប្រាស់មធ្យោបាយ និងសម្ភារៈ ការរៀបរយកម្លាំង បែកចែងកម្លាំងតូចៗចេញប្រតិបត្តិការ និងមានមេបញ្ជាការដឹកនាំបញ្ជាច្បាស់លាស់។ កម្លាំងបង្រ្កាបត្រូវទាមទារឲ្យមានការហ្វឹកហាត់ជំនាញច្បាស់លាស់ បំពាក់បំប៉នផ្លូវច្បាប់ បំពាក់ដោយមធ្យោបាយសម្ភារៈគ្រប់គ្រាន់ជូនដល់កងកម្លាំងប្រតិបត្តិការ។
លោកស្នងការក៏បានណែនាំ រាល់ការដឹកនាំកម្លាំងប្រតិបត្តិការទទួលបានជោគជ័យ ទី១៖ត្រូវចេះរៀបចំផែនការសកម្មភាព ការងារ, ទី២៖ត្រូវចាត់តាំងកម្លាំងអនុវត្តការងារ, ទី៣៖ត្រូវមានការដឹកនាំត្រួតពិនិត្យផែនការនោះជាប្រចាំ, ទី៤៖ត្រូវមានឆន្ទៈធ្វើការងារ និងទី៥៖ត្រូវស្មោះត្រង់វិជ្ជាជីវៈ។
លោកបានឧបត្ថម្ភថវិកាសរុបចំនួន៤លានរៀល ជូនដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន២លានរៀល និងសិក្ខាកាមនគរបាល ចំនួន២លានរៀល៕