(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាមានករណីគ្រោះថ្នាក់ចររាចរណ៍កើតឡើង ២ ៨៤៤លើក មានអ្នកស្លាប់ចំនួន ១ ៥០៩នាក់ បើគិតជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះ ៤នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលមូលហេតុបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ច្រើនជាងគេ គឺកត្តាល្បឿន និងការមិនគោរពសិទ្ធិ ។
ថ្លែងប្រាប់បណ្តាញព័ត៍មាន Fresh News នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ លោក ផន រឹម បានបញ្ជាក់ឱ្យដឹងដូចនេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៤ គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងចំនួន ២.៨៤៤លើក មានអ្នកស្លាប់ចំនួន ១ ៥០៩នាក់ (ជាមធ្យមស្លាប់៤នាក់/ថ្ងៃ) របួសធ្ងន់ចំនួន ២ ២៧៣នាក់ របួសស្រាល១ ៤៤៧នាក់ មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចំនួន ២ ៤៧៧នាក់។
ប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ និងប្រចាំឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកថយចុះ ៤៧៣លើក (ស្មើនឹង ១៤%), អ្នកស្លាប់ថយចុះចំនួន ៨១នាក់ (ស្មើ ៥%) , របួសធ្ងន់ថយចុះ ៤៩៣នាក់(ស្មើ ១៨%), របួសស្រាលថយចុះ ៣០២នាក់ (ស្មើ១៧%), មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ថយចុះ ៥៩៦នាក់(ស្មើ១៩%).
លោក ផន រឹម បានបញ្ជាក់ទៀតថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤មានដូចជា៖ ល្បឿន ១១៥៦លើក ស្មើនឹង ៤០,៦%, មិនគោរពសិទ្ធិ ៦៤៩លើក ស្មើនឹង ២៣%, មិនប្រកាន់ស្តាំ ២៦៨លើក ស្មើនឹង ៩,៤%, បត់គ្រោះថ្នាក់ ២២១លើក ស្មើនឹង ៨%, ប្រជែងគ្រោះថ្នាក់ ២១៥លើក ស្មើនឹង ៧,៦%, កត្តាយាន ១១៤លើក ស្មើនឹង ៤%, ស្រវឹង ១០៥លើក ស្មើនឹង ៣,៧%, អាកាសធាតុ ៣៥លើក ស្មើនឹង ១%, មិនគោរពភ្លើងសញ្ញា ៣៣លើក ស្មើនឹង ១%, ងងុយ ២៩លើក ស្មើនឹង ១% និង កត្តាផ្លូវ ១៩លើក ស្មើនឹង ០,៧%៕