(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ទីរជំនាញ រដ្ឋបាលរាជធានី ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខ ខណ្ឌប្ញស្សីកែវ ចុះពិនិត្យនៅទីតាំងប្រឡាយអូរអាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយបន្តរហូតដល់ស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ខណៈដែល ស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩នេះ បាននិងកំពុងសាងសង់ជិតរួចរាល់។
ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រឡាយជាច្រើន នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវនេះ លោក ឃួង ស្រេង បានណែនាំលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីជំនាញរដ្ឋបាលរាជធានី ធ្វើយ៉ាងណាដើម្បីរិះរកគ្រប់មធ្យោបាយរំដោះទឹកចេញក្រៅក្រុង ដោះស្រាយឲ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀង នារដូវវស្សាខាងមុខនេះ។
លោកអភិបាលរាជធានីភ្នំពេញ ណែនាំមន្ទីរជំនាញពង្រីក និងស្តារប្រឡាយអូរអាគុជ រហូតដល់ប្រឡាយមេខាងជើងរាជធានី ធ្វើការដាក់លូជ្រុងទំហំ៤ម៉ែត្រ កាត់ផ្លូវលេខ១០០៧ ក្នុងខណ្ឌសែនសុខ ដើម្បីរំដោះទឹកភ្លៀងនៅផ្លូវ១៩៨៦ និងតំបន់មួយចំនួន ក្នុងសង្កាត់ភ្នំពេញថ្មី ដោយសារតំបន់នេះ ឧស្សាហ៍ទទួលរងការលិចលង់នៅពេលភ្លៀងខ្លាំងម្តងៗ។
ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានណែនាំមន្ទីរសាធារណការ និងដឹកជញ្ជូន ស្តារប្រឡាយពោងពាយ ប្រឡាយអូរវែង ដល់ប្រឡាយមេខាងជើង។ ដាក់លូទំហំ១ម៉ែត្រកន្លះ កាត់ផ្លូវលេខ១០០៣ ដាក់លូជ្រុងនៅផ្លូវK2 ដើម្បីដោះស្រាយការលិចលង់នៅលើផ្លូវហាណូយ ធ្វើយ៉ាងណាអាចនាំទឹកហូរចូលទៅប្រឡាយពោងពាយ បន្តទៅស្ថានីយ៍បូមទឹកកប់ស្រូវ និងស្ថានីយបូមទឹក គីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។
បន្ថែមពីនេះទៀត លោក ឃួង ស្រេង ជំរុញមន្ទីរសាធារណការ សិក្សាឲ្យបានលំអិតបន្ថែមទៀត ដើម្បីរំដោះទឹកភ្លៀងចេញពីផ្លូវលេខ៥៩២ នៅតំបន់សាលារៀនបឋមសិក្សាទួលគោក ក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងបានជំរុញឲ្យអាជ្ញាធរខណ្ឌ ធ្វើការណែនាំប្រជាពលរដ្ឋ កុំបោះសំរាម ចូលក្នុងឡាយទឹក។ សូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀង៕