(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានថ្លែងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ព្រមទាំងកម្មសិក្សាការី សិស្សមន្ត្រីជាន់ខ្ពស់ និងសប្បុរសជននានា បន្តចូលរួមសកម្មភាពបរិច្ចាគឈាម ក្នុងបុព្វហេតុទុកជួយសង្គ្រោះដល់អាយុជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ ខណៈដែលរូបលោកផ្ទាល់៍ទើបតែបានបរិច្ចាគឈាមលើកទី១៣ រួចរាល់ហើយ និងបានប្តេជ្ញាចិត្តធ្វើការបរិច្ចាគឈាមយ៉ាងតិចឱ្យបាន ២០ដង។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ដូចនេះ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ដែលរៀបចំឡើងដោយសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈលោក លោកស្រី សមាជិក ស.ស.យ.ក វិស័យមុខងារសាធារណៈ លោកវេជ្ជបណ្ឌិត ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាលព្រមទាំងកម្មសិក្សាការី សិស្សមន្ត្រីជាន់ខ្ពស់ និងសប្បុរសជននានាជាច្រើនរូប។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា កង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជម្ងឺ គឺជាបញ្ហាប្រឈមដែលត្រូវបានយកចិត្តទុកដាក់ជាទីបំផុត។ រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានខិតខំរៀបចំក្របខណ្ឌគោលនយោបាយផ្តល់ឈាម និងច្បាប់គ្រប់គ្រងចំពោះអំណោយឈាម ដើម្បីលើកទឹកចិត្ត និងជំរុញប្រជាពលរដ្ឋគ្រប់ប្រភេទ ដែលមានអំណោយឈាមស្ម័គ្រចិត្តបរិច្ចាគដោយគិតថ្លៃ ឲ្យបាន១០០% ដែលជាអនុសាសន៍រួមរបស់អង្គការសុខភាពពិភពលោក។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបរិច្ចាគឈាមអាចជួយបង្កើតនូវទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការ ពិសេសសិស្សមន្ត្រី និងកម្មសិក្សាការី ជំនាន់ក្រោយ ព្រោះវាអាចជួយធ្វើឱ្យយើងទាំងអស់គ្នាជាខ្មែរ មានការផ្សារភ្ជាប់គ្នា ពោលគឺរវាងអ្នកមានសុខភាពល្អ ដែលយល់ព្រមផ្តល់អំណោយឈាម និងអ្នកជំងឺ ដែលកំពុងនៅក្នុងមាត់ជ្រោះនៃសេចក្តីមរណៈ។ ជាងនេះទៅទៀត ការបរិច្ចាគឈាមរបស់មន្ត្រីរាជការជូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកផ្តល់សេវាធារណៈក្នុងវិស័យសុខាភិបាល និងអាចជួយកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះរដ្ឋបាលសាធារណៈឱ្យកាន់តែខ្លាំងឡើង។
ជាមួយការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ពិសេសកម្មសិក្សាការី និងសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល លោក ហ៊ុន ម៉ានី សង្ឃឹមថា កម្មវិធីបរិច្ចាគឈាមដើម្បី សង្គ្រោះជីវិត នេះ នឹងជម្រុញឱ្យក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ និងតួអង្គពាក់ព័ន្ធផ្សេងទៀត យល់ដឹង និងមានឆន្ទៈចូលរួមសកម្មភាពមនុស្សធម៌នេះផងដែរ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល បានឱ្យដឹងថា តម្រូវការឈាមក្នុងឆ្នាំ២០២៤កន្លងមក មជ្ឈមណ្ឌលត្រូវការឈាម មួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃសរុបមានជាង៣០០ ទៅ៣៥០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១៤៣,១៤៣ប្លោក ហើយ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។
ប៉ុន្តែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ២៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាព ពិភពលោក។លោកវេជ្ជបណ្ឌិត បានជម្រាបជូនបន្តថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។
បើតាមលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីបរិច្ចាគឈាមចំនួន ៦លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៦ ដោយមានសប្បុរសជនស្ម័គ្រចិត្តចូលរួមសរុបចំនួន ៦៥ អង្គ/នាក់។ ចំពោះកម្មវិធីលើកទី៧ ក្នុងឆ្នាំ២០២៥នេះ សប្បុរសជនចូលរួមចុះឈ្មោះបរិច្ចាគឈាមក្នុងប្រព័ន្ធ បានកើនឡើងរហូតដល់ ២០៩ អង្គ/នាក់ រួមមាន៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យារបស់ក្រសួងមុខងារសាធារណៈ គ្រូឧទ្ទេស សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីក្រមការចំនួន និងអតីតសិស្សមន្ត្រី អតីតកម្មសិក្សាការី និងសធារណៈជនផ្សេង៕