កម្លាំងនគរបាលតាមចាប់ក្រុមក្មេងទំនើង៦នាក់ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោយកាន់ដាវ និងកាំបិតជិះម៉ូតូអូសតាមផ្លូវ

Posted By: RoogRog Robot | 26-Dec-2024 07:02:59

2024-12-26 09:57pm

(ស្វាយរៀង)៖ កម្លាំងនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចាប់ឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង ៦នាក់ ក្រោយធ្វើសកម្មភាព កាន់ដាវ និងកាំបិត ជិះម៉ូតូអូស បណ្តោយថ្នល់បង្កការភ័យខ្លាច​ដល់អ្នកធ្វើដំណើរ នៅ​ចំណុចភូមិអញ្ចាញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ។

លោក សោម សុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះថា កាលពីថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង១៖៣០នាទីរសៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ បានទទួលពត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងមួយក្រុមមានគ្នាប្រហែល៥នាក់ ទៅ៦នាក់ ជិះម៉ូតូចំនួន៣គ្រឿង បានកាន់ដាវនិងកាំបិត ជិះម៉ូតូអូសបណ្តោយថ្នល់ពី​ទិសខាងត្បូងទៅទិសខាងជើង​បានចំងាយ៥០០ម៉ែត្រ រួចហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

លោកអធិការបានបន្តថា ពេលទទួលបានព័ត៌មានកម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលពោធិរាជ ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ស្ទាក់តាមគោលដៅប្រទាក់ក្រឡានីមួយៗ បន្ទាប់មកសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបានចំនួន៦នាក់នៅចំណុចកញ្ចុះលក់ដូរដងព្រែក ស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក៏នាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសាកសួរ។

លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទំនើងទាំង៦នាក់ បានឆ្លើយសារភាពថា នៅថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង១រសៀល បក្សពួកខ្លួន បានបបួលគ្នាជិះម៉ូតូចំនួន៣គ្រឿង បានដាក់ដាវ និងកាំបិតកាកុក ក្នុងកែបម៉ូតូ​ជិះចេញពីឃុំធ្លក ស្រុកស្វាយជ្រំ ជិះម៉ូតូទៅដើរលេងនៅក្នុងក្រុងស្វាយរៀង រហូតដល់ម៉ោង១៖៥០នាទីរសៀល ទើបបបួលគ្នាជិះម៉ូតូចេញពីក្រុងស្វាយរៀងវិញ រហូតមកដល់ចំណុចលើថ្នល់ស្ថិតនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ក៏កាន់ដាវនិងកាំបិតអូសតាមបណ្តោយថ្នល់បានចម្ងាយប្រហែល១៥០០ម៉ែត្រ ក៏ឈប់អូសក៏ជិះម៉ូតូទៅដល់ភូមិអញ្ចាញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ក្រុមបក្សពួកខ្លួនក៏កាន់ដាវនិងកាំបិតអូសលើថ្នល់ម្តងទៀតបានចម្ងាយប្រហែល៥០០ម៉ែត្រ ទើបឈប់បាននាំគ្នាជិះម៉ូតូចូលផ្ទះ។

បន្ទាប់មកក៏យកដាវ និងកាំបិតដាក់ក្នុងកែបម៉ូតូ បបួលគ្នាជិះម៉ូតូដើរលេងទៅកញ្ចុះលក់ដូរដងព្រែកស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ពេលក្រុមបក្សពួកខ្លួនកំពុងអង្គុយលេងស្រាប់តែសមត្ថកិច្ចមកដល់​បានឃាត់ពួកខ្លួនទាំង៦នាក់ និងដកហូតវត្ថុតាងកាំបិតនិងដាវនៅក្នុងកែបម៉ូតូរបស់ពួកខ្លួន។

ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់មុខសញ្ញាក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងបានសុំយោបល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងទាំង៦នាក់នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។

រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានបញ្ជូនក្រុមក្មេងទំនើងទៅផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមច្បាប់៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...