មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះជួប​កសិករ​ផលិតស្រូវធ្ងន់ ការប្រមូលផលស្រូវធ្ងន់ និងជួបម្ចាស់រោងម៉ាស៊ីន​កិន​ស្រូវ៣ទីតាំង ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

Posted By: RoogRog Robot | 27-Dec-2024 11:59:14

2024-12-27 11:56am

(បន្ទាយមានជ័យ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានចុះជួប​កសិករ​ផលិតស្រូវធ្ងន់ ការប្រមូលផលស្រូវធ្ងន់ និងជួបម្ចាស់រោងម៉ាស៊ីន​កិន​ស្រូវ៣ទីតាំង ដែលមាន​ទីតាំងនៅ​ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំដោយផ្ទាល់រួមជាមួយ លោក ហុង ណារិត, លោក ស្រី សុទ្ធា, លោកស្រី លី សាគីណា លោក ប៉ុល សុផា អនុរដ្ឋលេខាធិការ, លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្ត និងសហការីជាច្រើនរូបផ្សេងទៀត។

គោលបំណងនៃដំណើរការចុះជួបនោះ ដើម្បីស្វែងយល់ពីការចំណាយ​ក្នុង​ផលិតកម្មដំណាំស្រូវធ្ងន់ ជាពិសេសតម្លៃស្រូវទាំងនៅទីវាល និងនៅ​រោង​ម៉ាស៊ីនកិនស្រូវ។ លទ្ធផលទទួលបានជារួមមាន៖ ស្រូវនាងខុន ជា​ប្រភេទ​ស្រូវដែលធន់នឹងជំងឺ និងទទួលបរិមាណទិន្នផលស្រូវ​ល្អ​ព្រម​ទាំង​មាន​តម្លៃសមរម្យ អាចឱ្យកសិករទទួលបានប្រាក់ចំណេញ។

នាឱកាសនោះ លោក ប្រាក់ ដាវីដ និងក្រុមការងារ​បានបន្តចុះជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលប្រមូលទិញស្រូវធ្ងន់ចំនួន៣ មាន៖

ទី១៖ រោងម៉ាស៊ីនកិនស្រូវ វិបុលតារា លោកស្រី មាស ដារ៉ា មាន​សេចក្តីរីករាយដែលក្រុមការងារក្រសួងកសិកម្មអញ្ជើញចុះមកដល់ទីតាំង។

ម្ចាស់រោងម៉ាស៊ីនរូបនេះ បានបញ្ជាក់បន្ថែមថា គាត់បានទទួលទិញស្រូវធ្ងន់ ស្រូវ​នាងខុន ប្រមាណ៣០០តោនក្នុងមួយថ្ងៃ ដើម្បីចូលរួមជួយកសិករ​ឱ្យ​មានជីវភាពល្អប្រសើរ។រោងម៉ាស៊ីនកិនស្រូវនេះស្ថិតនៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ទី២៖ រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ ដែលស្ថិតនៅភូមិធំជើង ឃុំអូរ​ប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក ម៉េង បូរ៉ាន់ ជាម្ចាស់​រោងម៉ាស៊ីនបានថ្លែងអំណរគុណក្រសួងកសិកម្មតែងតែយកចិត្តទុកដាក់ចុះជួបពិភាក្សារកដំណោះស្រាយជូនប្រជាកសិករ និងរោងម៉ាស៊ីនរបស់​លោក ជាពិសេសតម្លៃកសិផល លោកបញ្ជាក់ថា ក្នុងរដូវប្រមូលផលនេះ លោក​​ប្រមូលទិញស្រូវនាងខុន បានជាង ១០០០តោនហើយ។

ទី៣៖ រោងម៉ាស៊ីនស្រូវ Signature of Asia លោក ផាត់ សុភក្តិ អនុ​ប្រធាន​រោងម៉ាស៊ីន បានស្នើដល់ក្រសួងកសិកម្មចងក្រងសហគមន៍​កសិកម្មទំនើបបន្ថែមទៀត ដើម្បីងាយស្រួលប្រមូលទិញស្រូវ និងណែនាំ​ដល់កសិករឱ្យប្រើជីសរីរាង្គធម្មជាតិជំនួយ និងប្រើប្រាស់ថ្នាំកសិកម្ម​ឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយថ្លៃដើមនិងទទួលបានគុណភាព​ស្រូវស្តង់ដា តាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...