លោក ពូទីន ថាអស់ពេលចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័ន កាត់តាមអ៊ុយក្រែនទៅអឺរ៉ុប

Posted By: RoogRog Robot | 27-Dec-2024 11:59:14

2024-12-27 11:53am

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន

ហើយថាអ៊ុយក្រែនខ្លួនឯង ជាអ្នកបដិសេធមិនបន្តកិច្ចព្រមព្រៀង ដែលនាំឧស្ម័នទៅកាន់ប្រទេសស្លូវ៉ាគី សាធារណរដ្ឋឆែក និងអូទ្រីសផងនោះ។ នេះបើយោងតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ ២០២៤។

កិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នរយៈពេល ៥ឆ្នាំបច្ចុប្បន្ន រវាងរុស្ស៉ី និងអ៊ុយក្រែន ត្រូវផុតកំណត់ត្រឹមចុងឆ្នាំនេះ។ លោក ពូទីន និយាយថា ពួកគេប្រកាសមិនបន្តកិច្ចព្រមព្រៀងថ្មី ដោយបន្ថែមថា ទីក្រុងកៀវត្រូវបានជំរុញឱ្យធ្វើបែបនេះ ដោយអឺរ៉ុប។ លោក ពូទីន គូសបញ្ជាក់ថា <<គ្មាន​កុងត្រាថ្មី​ទេ ហើយ​វាក៏​មិន​អាច​សម្រេច​បាន ​ក្នុង​រយៈ​ពេល​៣ ទៅ៤​ថ្ងៃ​ឡើយ>>។

បំពង់បង្ហូរឧស្ម័ន Urengoy-Pomary-Uzhgorod សម័យសហភាពសូវៀត នាំឧស្ម័នពីតំបន់ស៉ីបេរី កាត់តាមទីប្រជុំជន Sudzha ដែលឥឡូវនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាអ៊ុយក្រែន នៅក្នុងតំបន់ Kursk របស់រុស្ស៉ី បន្ទាប់មកហូរកាត់អ៊ុយក្រែន ទៅស្លូវ៉ាគី។ នៅឯស្លូវ៉ាគី បំពង់បង្ហូរឧស្ម័ន បានបំបែកហូរនាំឧស្ម័នទៅកាន់សាធារណរដ្ឋឆែក និងអូទ្រីស។ តាមលោក ពូទីន រុស្ស៉ីត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្គត់ផ្គង់ឧស្ម័នតាមរយៈអ៊ុយក្រែន ដល់អតិថិជនណាមួយ ប៉ុន្តែពាក្យបណ្តឹងបានរារាំងដល់ដំណើរការ។

គួរបញ្ជាក់ថា ការ​ផ្គត់ផ្គង់​ឧស្ម័ន​រុស្ស៉ីទៅ​អឺរ៉ុប ​តាម​រយៈ​អ៊ុយក្រែន​ មាន​ចំនួន​តិច​តួច គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ កាលពីឆ្នាំ ២០២៣ រុស្ស៉ី ដឹកជញ្ជូនឧស្ម័នប្រហែល ១៥ពាន់លានម៉ែត្រគូប ឆ្លងកាត់អ៊ុយក្រែន ពោលគឺមានតែ ៨ភាគរយប៉ុណ្ណោះ បើប្រៀបធៀបនឹងលំហូរឧស្ម័នដ៏ច្រើន ក្នុងឆ្នាំ ២០១៨-២០១៩៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...