ច្បាប់ថវិកា៖ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា គ្រោងអភិវឌ្ឍន៍គម្រោងសាធារណៈសំខាន់ៗ ដែលត្រូវការកម្ចីថវិកាជាង២ពាន់លានដុល្លារពីដៃគូ

Posted By: RoogRog Robot | 27-Dec-2024 11:37:15

2024-12-27 11:32am

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៥ខាងមុខនេះ​ គ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ប្រមាណ ២ ០០០លានអេសដេអ៊ែ ​ឬស្មើនឹងប្រមាណ ២.៧ប៊ីលានដុល្លារអាមេរិក កើនចំនួន៣០០លានអេសដេអ៊ែ និងគ្រោងបោះផ្សាយមូលបត្ររដ្ឋចំនួន ៥០០ប៊ីលានរៀល ​ឬស្មើនឹងប្រមាណ ១២៣លានដុល្លារអាមេរិក។ នេះបើយោងតាមច្បាប់ថវិកាជាតិ ឆ្នាំ២០២៥ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់។

ច្បាប់ថវិកាជាតិ ឆ្នាំ២០២៥ បានបញ្ជាក់ថា ​ការខ្ចី​ប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងទំហំ ២.៧ប៊ីលានដុល្លារអាមេរិកនេះ​ ដោយសារទំហំនៃតម្រូវការវិនិយោគសាធារណៈ ដែលកម្ពុជាមានភាពចាំបាច់ក្នុងការកៀរគរធនធាន បន្ថែមឱ្យបានច្រើន ដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសដើម្បីជំនួសថវិកា គម្រោងវិនិយោគសាធារណៈ ដោយប្រភពចំណូលក្នុងប្រទេស ដែលត្រូវធ្វើវិចារណកម្ម ដើម្បីបំពេញតម្រូវការចំណាយចរន្ត ក្នុងបរិការណ៍ដែលប្រភពចំណូលក្នុងប្រទេស ជាពិសេសចំណូលសារពើពន្ធ មាននិន្នាកាថមថយ។

ថវិកាដែលគ្រោងខ្ចីពីដៃគូអភិវឌ្ឍន៍ ជាឥណទានមានកម្រិតសម្បទានខ្ពស់ ខណៈដែលស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅ តែមាន <<ចីរភាព>> និង <<ហានិភ័យកម្រិតទាប>>។

ថវិកាទាំងនេះ នឹងត្រូវប្រើប្រាស់សម្រាប់កម្មវិធី/គម្រោងអភិវឌ្ឍន៍សំខាន់ៗដូចជា៖

* វិស័យថាមពលចំនួន ៦កម្មវិធី/គម្រោង គឺគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ជំហានទី២ គម្រោងអភិវឌ្ឍន៍បណ្តាញអគ្គិសនី ប្រកបដោយចីរភាព គម្រោងប្រសិទ្ធភាព ថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ ជំហានទី២ កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនីអន្តរកាល-អនុកម្មវិធីទី២ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធបណ្តាញ បញ្ជូនថាមពល អគ្គិសនីអន្តរកាល និងគម្រោងពង្រីកប្រព័ន្ធបញ្ជូននិងចែកចាយអគ្គិសនី ជំហានទី៣។

* វិស័យទឹកស្អាតចំនួន៥គម្រោង គឺគម្រោងពង្រីកការផ្គត់ផ្គង់ទឹកស្អាតនិរោធ គម្រោង អភិវឌ្ឍន៍ប្រកបដោយចីរភាព នូវការផ្គត់ផ្គង់ទឹកស្អាតនៅភាគខាងត្បូងរាជធានីភ្នំពេញ គម្រោងប្រព័ន្ធគ្រប់គ្រងទឹកឆ្លាតវៃ គម្រោងពង្រីកបណ្តាញចែកចាយទឹកស្អាត និងសេវា ទឹកស្អាត និងគម្រោងអភិវឌ្ឍន៍ការផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងប្រកបដោយចីរភាព។

* វិស័យធារាសាស្ត្រចំនួន៤កម្មវិធី/គម្រោង គឺគម្រោងអភិវឌ្ឍន៍ធនធានទឹកជុំគិរី ខេត្តកំពត កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្ម សម្រាប់ប្រទេសកម្ពុជា ជំហានទី២ គម្រោងពង្រឹងសមត្ថភាពធន់ទ្រាំនៃជនបទ គម្រោងគ្រប់គ្រងទឹក ការស្រោចស្រព បង្ការទឹកជំនន់ និងការរាំងស្ងួត ប្រកបដោយចីរភាពជំហានទី១។

* វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៩កម្មវិធី/គម្រោង គឺកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជនបទសម្រាប់ប្រទេសកម្ពុជា ជំហានទី២ គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (ហិរញ្ញប្បទានបន្ថែម) គម្រោងសាងសង់ផ្លូវជាតិលេខ ៥០C ពីខេត្តកំពង់ឆ្នាំងទៅខេត្ត កំពង់ធំ និងស្ពានឆ្លងទន្លេសាប គម្រោងធ្វើឱ្យប្រសើរឡើងសេវាទីក្រុងដែលធន់នឹង ការប្រែប្រួលអាកាសធាតុជំហានទី១ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវក្នុងតំបន់ គម្រោងលើកកម្រិត និងពង្រីកផ្លូវប្រាសាទ គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិ លេខ៦៨ (ក្រឡាញ់-សំរោង-អូស្មាច់) គម្រោងច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់ ផ្លូវជាតិលេខ៥ ជំហានទី២ គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី (ឥណទានបន្ថែម)។

* វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន១គម្រោង គឺគម្រោងអភិវឌ្ឍន៍វិស័យអប់រំ កម្រិតមូលដ្ឋាន។

* វិស័យសុខាភិបាលចំនួន ២គម្រោង គឺគម្រោងគាំទ្របន្ទាន់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ ជំហានទី២។

* វិស័យកសិកម្មចំនួន ២គម្រោង គឺគម្រោងពិពិធកម្មទីផ្សារ និងពាណិជ្ជាកម្មកសិកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និង គម្រោងជំរុញបរិវត្តកម្មវិស័យកសិកម្ម។

* វិស័យអាទិភាពផ្សេងទៀតចំនួន ៥កម្មវិធី/គម្រោង គឺកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន អនុកម្មវិធីទី១ កម្មវិធីពង្រឹងអភិបាលកិច្ចការផ្តល់សេវា អនុកម្មវិធីទី១ គម្រោងរៀបចំបង្កើតមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា កម្មវិធីអភិវឌ្ឍន៍វិស័យ ពាណិជ្ជកម្ម និងការប្រកួតប្រជែង អនុកម្មវិធីទី៣ និងកម្មវិធីការផ្តល់ហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍គោលនយោបាយ និងភាពធន់របស់កម្ពុជា ជំហានទី៣។

រាជរដ្ឋាភិបាលបានអះអាងថា ការបោះផ្សាយលក់មូលបត្ររដ្ឋ និងការខ្ចីពីក្រៅប្រទេសក្នុងទំហំ ២.៧ពាន់លានដុល្លារ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជាទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែត្រូវបានវាយតម្លៃថា មានចីរភាពនិងហានិភ័យកម្រិតទាបដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់៕
















































































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...