(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សុខវាសនា អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានលើកឡើងថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ <<មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល>> ដែលទិសដៅស្នូលនេះ នឹងបង្កើតបានកាលានុវត្តភាពថ្មី សម្រាប់ធានាកំណើនសេដ្ឋកិច្ចសង្គម ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងការឈានទៅសម្រេចបាន <<ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមាន ចំណូលខ្ពស់>> ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរស់រវើក ស្វាហាប់ និងពោរពេញដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចយើងបានឃើញស្រាប់ ទោះបីជាស្ថានភាពក្នុងតំបន់មួយចំនួន និង សភាពការណ៍ពិភពលោកហាក់ពុំទាន់មានភាពល្អប្រសើរយ៉ាងណាក្តី ក៏ព្រះរាជាណាចក្រកម្ពុជាយើង បន្តរក្សាបានលំនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិប្រកបដោយចិរភាពក្រោមម្លប់នៃសន្តិភាព។
លោកឧត្ដមសេនីយ៍ឯក សុខ វាសនា ក៏បាននាំនូវអនុសាសន៍ចង្អុលដឹកនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា <<យើងពុំគួរបន្តលើកឡើងជាបញ្ហាប្រឈមដដែលៗ ពីមួយឆ្នាំទៅមួយឆ្នាំ តទៅទៀតនោះទេ ត្រូវរួមគ្នារិះរកវិធី និងយន្តការដោះស្រាយឲ្យអស់ពីលទ្ធភាព>>។
លោកក៏បានលើកយកឧទាហរណ៍ខ្លះ ដែលជាបញ្ហាប្រឈមពាក់ព័ន្ធសមត្ថកិច្ចរបស់យើងមកបញ្ជាក់ជូនដូចជា៖ បញ្ហាកង្វះមន្ត្រីជំនាញ អាចពិចារណារៀបចំ និងផ្តល់នូវការបណ្តុះបណ្តាល, បញ្ហាទីតាំងដាច់ស្រយាលមានជនបរទេសស្នាក់នៅ ដែលមានការលំបាកក្នុងការចុះត្រួតពិនិត្យ ដែលអាចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទៅឲ្យដល់ និងត្រួតពិនិត្យឲ្យបានម៉ត់ចត់ និងបញ្ហាអាជ្ញាធរមូលដ្ឋាននៅស្ទាក់ស្ទើរក្នុងការផ្តល់លិខិត/ឯកសារបញ្ជាក់នានា តាមច្បាប់កំណត់ជូនជនបរទេសអន្តោប្រវេសន្តស្របច្បាប់ ដែលអាចធ្វើបានតាមរយៈការបន្តចុះផ្សព្វផ្សាយពន្យល់ណែនាំ ជូនអាជ្ញាធរមានសមត្ថកិច្ចឲ្យបានយល់ជ្រួតជ្រាបជាដើម ដែលបញ្ហាប្រឈមខាងលើនេះ ត្រូវបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ រហូតមកដល់បច្ចុប្បន្ន។ ចំណុចខ្វះខាតទាំងនេះ ជាកត្តាខាងក្នុង រួមផ្សំមួយផ្នែក នៃការបន្តលួចជ្រៀតចូល និងសម្ងំស្នាក់នៅដោយខុសច្បាប់ដោយជនបរទេសនៅក្នុងកម្ពុជា បន្តកើតមាន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានពិនិត្យឃើញថា សកម្មភាពជួញដូរគ្រឿងញៀន និងការនាំស្ត្រីខ្មែរទៅក្រៅប្រទេសខុសច្បាប់ ដោយពេលកន្លងទៅយើងបានទប់ស្កាត់ និង បង្ក្រាបបានជាច្រើនករណីនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ហើយដែលករណីនេះក៏អាចកើតមានតាមបណ្តាច្រករបៀង និងដោយមធ្យោយផ្សេងៗទៀតផងដែរ៕