(បន្ទាយមានជ័យ)៖ សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសថា ឈ្មោះ តុន សំអាត និងឈ្មោះ តុន ស ដែលពាក់ព័ន្ធនឹងករណីដីធ្លីអតីតប្រជាពលរដ្ឋយោធិនរំសាយ១៨គ្រួសារ ស្ថិតនៅទីតាំងភូមិកូនដំរី ឃុំនិមិត្ត ស្រុកអូរជ្រៅនោះ គឺពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបបឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ។
ការចេញប្រកាសនេះ បានធ្វើឡើងបន្ទាប់ពី មានតំណាងអតីតកងទ័ព១៨គ្រួសារ ចេញសេចក្តីបំភ្លឺថា ករណីអតីតយោធិនចំនួន១៨គ្រួសារ ស្ថិតនៅភូមិកូនដំរី ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានឈ្មួញរំលោភដីនោះ គឺជារឿងថ្មី មិនមែនរឿងចាស់ទេ ដែលពួកគាត់ទើបធ្វើការផ្សាយផ្ទាល់ នៅមុខសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
ទោះជាយ៉ាងនេះក្តី ពាក់ព័ន្ធករណីខាងលើនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ពាក់ព័ន្ធករណីដីធ្លីអតីតប្រជាពលរដ្ឋយោធិនរំសាយចំនួន១៨គ្រួសារ ដែលស្ថិតនៅទីតាំងភូមិកូនដំរី ឃុំនិមិត្ត ស្រុកអូរជ្រៅ ត្រូវបានទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីជូនដំណឹងចំនួន៤ដងរួចហើយ តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០២៣មកម្ល៉េះ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ៖