(ដាម៉ាស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អាជ្ញាធរថ្មីរបស់ប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ បានបើកការបង្រ្កាបសន្តិសុខនៅក្នុងតំបន់ឆ្នេរមួយ ដែលប៉ូលិស ១៤នាក់ត្រូវបានសម្លាប់មួយថ្ងៃមុន ហើយប្តេជ្ញាបន្តតាមប្រមាញ់ <<សំណល់>> នៃរដ្ឋាភិបាល Bashar al-Assad ដែលត្រូវបានចោទប្រកាន់ពីការវាយប្រហារនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ហេតុការណ៍នេះ បានកើតឡើងនៅក្នុងខេត្ត Tartous ដែលជាតំបន់មួយ ដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាមនិកាយ Alawite ដែលជាសាខាមួយនៃឥស្លាមស៊ីអ៊ីត (Shi'ite Islam) របស់លោក Assad។ ការវាយប្រហារនេះបានបង្កើនភាពតានតឹងផ្នែកនិកាយនៅក្នុងប្រទេសស៊ីរី ដែលឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយក្រុមអ៊ីស្លាមនិកាយស៊ុននី។
ក្រុម Hayat Tahrir al-Sham (HTS) ដែលជាក្រុមឧទ្ទាម ដែលបានផ្តួលរំលំលោក Assad បានប្តេជ្ញាការពារក្រុមសាសនាជនជាតិភាគតិច និងបានអំពាវនាវឱ្យមានការរួបរួមជាតិ។ ប៉ុន្តែ ការវាយប្រហារនេះបានបង្កើនការព្រួយបារម្ភ អំពីស្ថិរភាពនិងសន្តិសុខនៅក្នុងប្រទេសស៊ីរី និងបង្ហាញពីបញ្ហាប្រឈម ដែលរដ្ឋាភិបាលថ្មីកំពុងប្រឈមមុខក្នុងការគ្រប់គ្រងប្រទេស។
អ្នកវិភាគ មានការព្រួយបារម្ភថា ការបង្ក្រាបនេះអាចនាំឱ្យមានការប៉ះទង្គិចគ្នា រវាងក្រុមសាសនាផ្សេងៗ នៅក្នុងប្រទេសស៊ីរីនិងធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។ ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលថ្មីនិងក្រុមឧទ្ទាមធ្វើការរួមគ្នា ដើម្បីស្តារសន្តិភាពនិងស្ថិរភាព នៅក្នុងប្រទេស៕