ការវាយប្រហាររបស់អ៉ីស្រាអែល កំណត់គោលដៅលើក្រុមហ៊ូទីនៅយេម៉ែន ផ្តាច់ជីវិតមនុស្ស ៦នាក់

Posted By: RoogRog Robot | 27-Dec-2024 10:25:02

2024-12-27 10:22am

(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល ​បាន​វាយប្រហារ​លើ​គោលដៅ​ជាច្រើន​ដែល​ទាក់ទង​នឹងក្រុមហ៊ូទី នៅ​ក្នុង​ប្រទេស​យេម៉ែន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍នេះ រួមទាំង​អាកាសយានដ្ឋាន​អន្តរជាតិទីក្រុង Sanaa ហើយ​បើតាមប្រព័ន្ធ​ផ្សព្វផ្សាយរបស់ហ៊ូទី ​មានមនុស្ស​ ៦នាក់​ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ ២០២៤។

ប្រមុខនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus និយាយថា លោកកំពុងរៀបចំឡើងយន្តហោះ ក្នុងអាកាសយានដ្ឋានទីក្រុង Sanaa នៅពេលដែលមានការវាយប្រហារនោះ ហើយសមាជិកពីឡុតម្នាក់នៅលើយន្តហោះ បានរងរបួស។ យោធាអ៉ីស្រាអែលនិយាយថា ក្រៅពីអាកាសយានដ្ឋានអន្តរជាតិ ការវាយប្រហារក៏បានធ្វើឡើង ទៅលើហេដ្ឋារចនាសម្ព័ន្ធយោធា នៅកំពង់ផែទីក្រុង Hodeidah, Salif និង Ras Kanatib នៃឆ្នេរសមុទ្រភាគខាងលិច រួមទាំងស្ថានីយ៍ថាមពល Hezyaz និង Ras Kanatib របស់យេម៉ែនផងដែរ។

តាមទីភ្នាក់ងារសារព័ត៌មាន Saba គ្រប់គ្រងដោយក្រុមហ៊ូទី មនុស្ស ៣នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារនៅអាកាសយានដ្ឋាន និង ៣នាក់នៅក្នុងទីក្រុង Hodeidah ខណៈ ៤០នាក់ផ្សេងទៀតរងរបួស។ លោកនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានប្រាប់បទសម្ភាសន៍ជាមួយថា នេះគ្រាន់តែជាការចាប់ផ្តើមរបស់អ៉ីស្រាអែល ក្នុងយុទ្ធនាការប្រឆាំងក្រុមហ៊ូទីប៉ុណ្ណោះ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...