(ភ្នំពេញ)៖ លាតសន្ធឹងនៅតាមបណ្ដោយច្រាំងទន្លេពណ៌ខៀវល្វឹងល្វើយ នាដងទន្លេមេគង្គផ្នែកខាងលើដ៏ស្ងប់ស្ងាត់ ស្រុកអូរស្វាយ គឺជាសហគមន៍ប្រជុំកោះ ដែលក្តោបនូវតម្លៃប្រវត្តិសាស្ត្រជាសារវ័ន្ត និងទម្ងន់នៃប្រវត្តិសាស្ត្រដ៏ស្មុគស្មាញរបស់កម្ពុជា។
ជាផ្នែកមួយនៃព្រះរាជចក្ខុវិស័យជានិមិត្តរូប ក្នុងការអភិវឌ្ឍរបស់អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ទីតាំងភូមិសាស្ត្រយ៉ាងអំណោយផលរបស់ស្រុកអូរស្វាយ គឺជាចំណុចប្រសព្វនៃការអភិវឌ្ឍយ៉ាងដុះដាលទៅលើផ្នែកវប្បធម៌និងសេដ្ឋកិច្ច។ ស្រុកអូរស្វាយ ស្ថិតនៅចំតំបន់ទល់ដែនរវាងប្រទេសកម្ពុជានិងប្រទេសឡាវ ដែលញ៉ាំងឱ្យទីតាំងនេះ ក្លាយជាទីតាំងយុទ្ធសាស្ត្រក្នុងការរក្សានូវដែនអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងជម្លោះដែនដី និងជំរុញនូវសន្ទុះនៃការរីកចម្រើនរបស់សហគមន៍។
ទោះបីជាយ៉ាងណាក្តី អនាគតដ៏ត្រចះត្រចង់របស់ស្រុកអូរស្វាយ ត្រូវបានបន្ទច់បង្អាក់យ៉ាងឃោរឃៅនៅក្នុងឆ្នាំ១៩៧៥ ក្រោមការគ្រប់គ្រងនៃរបបខ្មែរក្រហម។ របបនេះ បានបន្សល់នូវភាពខ្ទេចខ្ទាំទៅលើសហគមន៍អូរស្វាយ ហើយសក្តានុពលភាពនៃស្រុកអូរស្វាយ ក៏ត្រូវបានលុបកប់ដោយសារតែអំពើហិង្សា ការបំផ្លាស់ទី និងការបាត់បង់នានា ដែលអូសបន្លាយអស់រយៈកាលជាច្រើនឆ្នាំ។
បច្ចុប្បន្ន ស្រុកអូរស្វាយ (ដែលត្រូវស្គាល់ជាទូទៅថា ស្រុកបុរីអូរស្វាយសែនជ័យ) រក្សាជំហរនឹងទ្រឹងក្នុងនាមជានិមិត្តរូបនៃភាពមិនងាយទ្រុឌទ្រោម និងសេចក្តីសោកសង្រេង ពោលគឺជាទីប្រជុំស្រុកមួយដែលបំផុសជាសំណួរមួយថា៖ <<តើស្រុកនេះ នឹងមានសភាពយ៉ាងដូចម្តេច ប្រសិនបើប្រវត្តិសាស្ត្រមានលំនាំមួយផ្សេង>>?
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ស្រុកអូរស្វាយ គឺមិនមែនត្រឹមតែជាភូមិឋានដាច់ស្រយាលមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាសំអាងនៃដែនអធិបតេយ្យភាពរបស់កម្ពុជា។ នៅក្នុងឆ្នាំ១៩៦៤ សម្តេចព្រះ នរោត្តម សីហនុ បានយាងព្រះរាជដំណើរទស្សនកិច្ចទៅកាន់ស្រុកអូរស្វាយ និងយាងជួបសំណេះសំណាលប្រជានុរាស្ត្រនៅក្នុងភូមិឋាននេះ ក្នុងនាមជានិមិត្តរូបនៃសេចក្តីប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាការពារទល់ដែនរបស់ខ្លួន។
ក្រោមព្រះរាជត្រាស់បង្គាប់របស់ព្រះអង្គ មន្ត្រីរាជការចូលនិវត្តន៍ ដែលរួមមាន ទាហាននិងក្រុមគ្រួសារ ត្រូវបានបញ្ជូនឱ្យទៅរស់នៅក្នុងភូមិនេះមិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ត្រូវបានរៀបចំកសាង ដោយបំផុសបាននូវស្មារតីនៃមោទកភាពជាតិ។ យោងតាមសមាជិកក្រុមប្រឹក្សាស្រុក លោក រ័ត្ន សុន ដែលមានវ័យ៧៩ឆ្នាំ ព្រះរាជកិច្ចខិតខំប្រឹងប្រែងរបស់ព្រះបរមរតនកោដ្ឋ ក្នុងការបង្កើតជាទីប្រជុំស្រុកតាមបណ្តោយទល់ដែន ដែលរំលេចនូវវប្បធម៌ខ្មែរយ៉ាងលេចធ្លោនេះ គឺជាការបញ្ចៀសការវាតទីពីសំណាក់ឡាវ។ <<ព្រះរាជចក្ខុវិស័យរបស់ព្រះអង្គ គឺបង្រួបបង្រួម និងផ្តល់អំណាចដល់យើងគ្រប់គ្នា>>។ រ័ត្ន សុន បានលើកឡើងយ៉ាងដូច្នេះ។
លោកបានបន្តថា <<ប្រសិនបើអំពើប្រល័យពូជសាសន៍ ពុំបានកើតឡើងទេនោះ ស្រុកអូរស្វាយ អាចនឹងក្លាយជាគំរូដ៏ត្រចះត្រចង់នៃភាពមិនងាយទ្រុឌទ្រោមរបស់កម្ពុជា ពោលគឺជាទីប្រជុំស្រុក ដែលរីកដុះដាលទាំងផ្នែកហេដ្ឋារចនា សម្ព័ន្ធ ការអប់រំ និងវិស័យកសិកម្មប្រកបដោយភោគផល>>។
ផ្ទុយទៅវិញ របបខ្មែរក្រហមដ៏ឃោរឃៅ បានបង្កជារលកនៃការបំផ្លិចបំផ្លាញយ៉ាងគំហុកលើប្រជាជាតិទាំងមូល ដែលបានប្តូរផ្លាស់រូបរាងទាំងស្រុងនៃស្រុកអូរស្វាយ។ គោលនយោបាយនៃការធ្វើពលកម្មដោយបង្ខំ និងការផ្លាស់ទីប្រជាជនដោយបង្ខំ បានបំបែកបំបាក់ក្រុមគ្រួសារ និងរុញច្រានឱ្យមានការសម្លាប់រង្គាលលើប្រជាជនស្លូតត្រង់ជាច្រើន ព្រមទាំងបន្សល់ជាស្នាមរបួសមុតជ្រៅរហូតមកទល់សព្វថ្ងៃ។
ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកអូរស្វាយ ដែលជាសមិទ្ធផលនៃព្រះរាជចក្ខុវិស័យរបស់សម្តេចព្រះបរមរតនកោដ្ឋ បានសាបសូន្យដូចផេះផង់។ ខ្មែរក្រហម បានធ្វើឱ្យទីតាំងនេះក្លាយជាទីរហោស្ថាន ឬបង្កជាការខូចខាតទៅលើសំណង់និមិត្តរូបនៅក្នុងអំឡុងពេលកាន់អំណាចរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ ខ្មែរក្រហមបានបំផ្លាញស្មារតីនៃការអភិវឌ្ឍ ដែលសំណង់ទាំងអស់នេះតំណាងឱ្យសេចក្តីសង្ឃឹមយ៉ាងមុតមាំ ដែលកំណត់អត្តសញ្ញាណរបស់ស្រុកអូរស្វាយ ក្នុងនាមជាទីតាំងពោរពេញដោយសក្ដានុពលភាពសម្រាប់ជីវិត និងភាពសម្បូររុងរឿង ត្រូវបាត់បង់នៅក្នុងអំពើហិង្សាហួសវិស័យ និងភាពភិតភ័យ ដូចទៅនឹងសហគមន៍នៅទូទាំងប្រទេសកម្ពុជា ដោយសារតែការបោះបង់ចោល ឬបំផ្លិចបំផ្លាញនៅក្នុងរបបខ្មែរក្រហម។
ចំពោះអ្នកផងទាំងពួង ដែលរួចរស់ជីវិតពីអំពើឃោរឃៅនៅក្នុងអំឡុងរបបខ្មែរក្រហម ការចងចាំអំពីការបាត់បង់ទាំងនេះ គឺដូចទៅនឹងការស្រមើស្រមៃនូវស្ថានភាពផ្សេងមួយបែបទៀត សម្រាប់សហគមន៍របស់ខ្លួន។ រឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានគូសវាសនូវទិដ្ឋភាពនៃសហគមន៍មួយ ដែលត្រូវបំផ្លាញដោយរបបខ្មែរក្រហម។ ជីប ស៊ីម មានវ័យ៧៨ឆ្នាំ បានរំឭកអំពីព្រះរាជកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចព្រះបរមរតនកោដ្ឋ ក្នុងការស្ថាបនាផ្លូវនិងលំនៅឋាន។
<<ប្រសិនបើគ្មានវត្តមានរបស់ខ្មែរក្រហម ស្រុកអូរស្វាយនឹងមានភាពរុងរឿងសម្បូរសប្បាយ អមជាមួយនឹងវត្តមាននៃផ្សារផ្សោ និងផ្លូវរលោងស្រិល។ ផ្ទុយទៅវិញ អំពើប្រល័យពូជសាសន៍ បានឆក់យកជីវិតក្រុមគ្រួសាររបស់ខ្ញុំ និងអនាគតរបស់សហគមន៍នេះ>>។ នេះបើតាម ជីប ស៊ីម។
ជា ចាន់ថៃ បច្ចុប្បន្នមានវ័យ៧០ឆ្នាំ បាននឹករំពៃថាស្រុកអូរស្វាយ អាចជាទិសដៅទេសចរណ៍មួយដែលមានផ្សារនិងសណ្ឋាគារ ដោយឆ្លុះបញ្ចាំងអំពីព្រះរាជចក្ខុវិស័យរបស់សម្តេចព្រះបរមរតនកោដ្ឋ។ ផ្ទុយស្រលះ ឪពុកនិងឪពុកមារបស់គាត់ បែរជាក្លាយទៅជាជនរងគ្រោះនៃរបបខ្មែរក្រហមទៅវិញ ដែលបន្សល់ទុកឱ្យគាត់នូវការព្រាត់ប្រាស និងសេចក្តីលំបាកវេទនា។
ជា ចាន់ថៃ បានឲ្យដឹងថា <<យើងអាចមានសុភមង្គល ដោយរស់នៅក្នុងជីវិតប្រសើរជាងនេះ ជាមួយនឹងផ្លូវ និងមន្ទីរពេទ្យល្អៗ ព្រមជាមួយនឹងឱកាសនានាសម្រាប់មនុស្សម្នាគ្រប់រូប>>។
សូម្បីតែអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលស្ថិតនៅក្នុងវ័យកុមារកាលពីជំនាន់នោះ ក៏មានការសោកស្តាយជាខ្លាំងចំពោះអ្វីដែលបាត់បង់ទៅដែរ។ ស៊ាង សារ៉ង បច្ចុប្បន្នមានវ័យ៧០ឆ្នាំ បានចងចាំអំពីស្ថានភាពភូមិស្រុកនេះ ដែលពីដំបូងគឺជានិមិត្តរូបនៃដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយត្រូវបំផ្លាញក្លាយជាផេះផង់។
សារ៉ង និយាយថា <<វិស័យដាំដុះ អាចនឹងប្រកបដោយភោគផលជាងនេះ ហើយហេដ្ឋារចនាសម្ព័ន្ធរបស់យើង អាចនឹងប្រសើរជាងឥឡូវឆ្ងាយណាស់>>។
រឿងរ៉ាវផ្ទាល់ខ្លួនទាំងអស់នេះ គឺមិនត្រឹមតែរំលេចអំពីសេចក្តីឈឺចាប់ប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជាសេចក្តីក្រើនរំឭកអំពីភាពមិនងាយទ្រុឌទ្រោម និងចក្ខុវិស័យដែលដក់ជាប់នៅយ៉ាងជ្រាលជ្រៅជាមួយនឹងប្រជាជនក្នុងស្រុកអូរស្វាយថែមទៀតផង។ រឿងរ៉ាវទាំងនេះ មិនត្រឹមតែបង្ហាញអំពីអតីតកាលដ៏ជូរចត់ប៉ុណ្ណោះទេ ក៏ប៉ុន្តែបំផុសនូវសេចក្តីសង្ឃឹមចំពោះអនាគតដ៏ត្រចះត្រចង់ថែមទៀតផង។
ថ្វីត្បិតតែ ទទួលរងការបំផ្លិចបំផ្លាញយ៉ាងដំណំក្នុងរបបខ្មែរក្រហមយ៉ាងណាក្តី ស្រុកអូរស្វាយ កំពុងស្តារនូវអត្តសញ្ញាណរបស់ខ្លួនបណ្តើរៗ ដោយមានភាពមិនងាយទ្រុឌទ្រោមរបស់ប្រជាជនជាកត្តាជំរុញចិត្ត ព្រមជាមួយនឹងការគាំពារពីកិច្ចផ្តួចផ្តើមបែបទំនើប។
នៅក្នុងឆ្នាំ២០១៩ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានហិរញ្ញប្បទាន សាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលរួមបញ្ចូលនូវសាលារៀន, មន្ទីរពេទ្យ និងអគារបម្រើមុខងារផ្សេងៗក្នុងតំបន់នេះ ក្នុងព្រះរាជគោលបំណងបណ្តុះសេចក្តីសង្ឃឹមរបស់សហគមន៍មួយ ដែលហែលឆ្លងអតីតកាលដ៏សោកសង្រេង។ ព្រះរាជកាយវិការ ចូលរួមចំណែករបស់ព្រះអង្គ គឺមិនត្រឹមតែទ្រទ្រង់ចំពោះការសាងសង់ប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជាព្រះរាជនិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងបែបទំនើប ក្នុងការស្តារឡើងវិញនូវព្រះរាជចក្ខុវិស័យរបស់សម្តេចព្រះបរមរតនកោដ្ឋ និងជាសេចក្តីក្រើនរំឭកចំពោះប្រជាជនក្នុងស្រុកអូរស្វាយ អំពីកម្លាំងមិនរាថយនិងសក្តានុពលភាពនៃមាគ៌ាដ៏ត្រចះត្រចង់ឆ្ពោះទៅអនាគតថែមទៀតផង។
ស្ថាប័នសង្គមស៊ីវិល ដូចជា មជ្ឈមណ្ឌលឯកសារកម្ពុជា ជាដើម បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្តារទីប្រជុំស្រុកនេះឡើងវិញដែរ។ គម្រោង របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលរួមមានការសាងសង់ផែ និងផ្គត់ផ្គង់ជាទូកសម្រាប់ប្រជាជនក្នុងតំបន់ធ្វើដំណើរ ជំរុញឱ្យមធ្យោបាយធ្វើដំណើរ និងការផ្សាភ្ជាប់គ្នារវាងកោះទាំងប្រាំមួយនៅក្នុងសហគមន៍ មានភាពប្រសើរឡើង។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ ចាប់ផ្តើមចេញពីគោលបំណងក្នុងការដោះស្រាយចំពោះបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជនក្នុងសហគមន៍ ដោយផ្តល់ជាការទទួលបាននូវការអប់រំ, ការថែទាំសុខភាព និងជំនួញក្នុងតំបន់ ឱ្យប្រព្រឹត្តដោយងាយស្រួលជាងមុន។
ទោះបីជាយ៉ាងណាក្តី កិច្ចការងារនេះ ត្រូវបន្តដំណើរវែងឆ្ងាយទៀត។ អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដូចជា សៀវ ជន បានសង្កត់ធ្ងន់អំពីតម្រូវការនៃការវិនិយោគបន្ថែមទៀត ជាពិសេសទៅលើវិស័យទេសចរណ៍។
សៀវ ជន លើកឡើងថា <<ទីប្រជុំស្រុករបស់យើង មានសក្ដានុពលភាពជាច្រើន ជាពិសេសនៅតាមបណ្តោយដងទន្លេមេគង្គ។ ការអភិវឌ្ឍវិស័យទេសចរណ៍ អាចកែប្រែសេដ្ឋកិច្ច និងនាំមកនូវឱកាសនានាសម្រាប់ប្រជាជន>>។ ចំណែកឯវិនិយោគទុនផ្សេងទៀត អាចប្រើប្រាស់នៅក្នុងការពង្រីកទីផ្សារ និងពង្រឹងបរិក្ខារអប់រំ ដើម្បីធ្វើឱ្យមូលដ្ឋានគ្រឹះរបស់ស្រុកកាន់តែរឹងមាំ។
កិច្ចខិតខំប្រឹងប្រែងនេះ ថ្វីត្បិតតែសាមញ្ញ ប៉ុន្តែរំលេចអំពីចំណុចរបត់ដ៏សំខាន់មួយ។ កិច្ចខិតខំប្រឹងប្រែងនេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ដើម្បីផ្តល់កិត្តិយស ចំពោះប្រវត្តិសាវតារនៃស្រុកអូរស្វាយ ស្របគ្នាជាមួយនឹងការកសាងអនាគតមួយអនុលោមទៅតាមសេចក្តីសន្យាកាលពីដើមដំបូង។ ខណៈ ដែលសហគមន៍នៅតែបន្តស្តារខ្លួនឡើងវិញ រឿងរ៉ាវរបស់សហគមន៍នេះ ក្លាយជាភាពមិនងាយទ្រុឌទ្រោមមួយ ដែលជាទឡ្ហីករណ៍បង្ហាញថាថ្វីត្បិតតែស្ថិតនៅដិតដាមជាមួយនឹងស្រមោលអន្ធការនៃរបបខ្មែរក្រហមយ៉ាងណាក្ដី សេចក្តីសង្ឃឹមនៅតែអាចរះឡើង ជាពន្លឺបំភ្លឺនាំផ្លូវសម្រាប់សង្គមក្រោយជម្លោះរបស់កម្ពុជាដដែល។
សំណួរដែលចោទសួរថាតើស្រុកអូរស្វាយអាចមានសភាពយ៉ាងណា ប្រសិនបើគ្មានវត្តមានសង្គ្រាម និងអំពើប្រល័យពូជសាសន៍ គឺមិនមែនត្រឹមតែ ជាការឆ្លុះបញ្ចាំង អំពីអតីតកាលប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាការជម្នះឆ្ពោះទៅកាន់អនាគតប្រសើរជាងមុន។ ទីប្រជុំស្រុក ដែលពោរពេញ ដោយប្រវត្តិសាស្ត្រជ្រាលជ្រៅ និងភាពមិនងាយទ្រុឌទ្រោម ក្រសោបនូវសក្តានុពលភាពមហាសាល ដែលអាចសម្រេចបានសមិទ្ធផលជាផ្លែផ្កា តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរជាសមូហភាព។
ជំហានដំបូងដ៏ចាំបាច់បំផុត គឺ ផ្តល់អាទិភាពជាចម្បងចំពោះការអភិរក្សប្រវត្តិសាស្ត្រនរបស់ស្រុកអូរស្វាយ។ រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ព្រះរាជកេរដំណែលរបស់សម្តេចព្រះបរមរតនកោដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស្រុកពីមុនៗដែលនៅសេសសល់ សុទ្ធសឹងជាបំណែកដ៏ចាំបាច់នៃអត្តសញ្ញាណវប្បធម៌របស់កម្ពុជា។ កិច្ចផ្តួចផ្តើមលើវិស័យអប់រំ ដូចជា ការរួមបញ្ចូលប្រវត្តិសាស្ត្ររបស់ស្រុកអូរស្វាយ ទៅក្នុងកម្មវិធីសិក្សានៅតាមសាលារៀន និងការគាំពារដល់សារមន្ទីរក្នុងតំបន់ អាចធានាថាមនុស្សជំនាន់ក្រោយអាចយល់ដឹងអំពីសារសំខាន់ និងការខិតខំតស៊ូពុះពាររបស់ទីប្រជុំស្រុកនេះ។
ដូចដែល រ័ត្ន សុន បានលើកឡើង៖ <<ការអប់រំនាំមកនូវការអភិវឌ្ឍន៍។ យុវជន-យុវនារីរបស់យើង ត្រូវដឹងអំពីដើមកំណើតរបស់ខ្លួន ដើម្បីកសាងអនាគតប្រសើរមួយ>>។
ការអភិវឌ្ឍសេដ្ឋកិច្ច គឺជាជំហានដ៏សំខាន់។ ការវិនិយោគទៅលើវិស័យទេសចរណ៍ ដូចជាការធ្វើឱ្យបរិក្ខារនៅតាមបណ្តោយដងទន្លេមេគង្គ មានភាពប្រសើរឡើង អាចប្រែក្លាយស្រុកអូរស្វាយទៅជាទិសដៅនៃអេកូទេសចរណ៍និងទេសចរណ៍បែបវប្បធម៌។ តំបន់នេះគឺជាផ្នែកមួយនៃដែនដីស្ថិតនៅក្នុងតំបន់អភិរក្ស អនុម័តដោយ អនុសញ្ញារ៉ាមសារ ឬអនុសញ្ញាស្តីអំពីតំបន់ដីសើម មានសារសំខាន់ជាអន្តរជាតិ (ពិសេសជាទីជម្រកសត្វស្លាបទឹក)។ ការពង្រីកទីផ្សារ និងពង្រឹងឧស្សាហកម្មក្នុងតំបន់ ដូចជាផ្នែកដាំដុះនិងនេសាទ បន្ថែមពីលើតំបន់អេកូទេសចរណ៍នេះ គឺមិនត្រឹមតែអាចបង្កើនសន្ទុះសេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងផ្តល់ជាជីវភាពរស់នៅប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនក្នុងតំបន់ថែមទៀតផង។
កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ ទាមទារឱ្យមានការសហការរួមគ្នារវាងសហគមន៍ក្នុងតំបន់ រាជរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិ ដើម្បីបង្កើតបានជាការរីកចម្រើនរយៈពេលយូរអង្វែង។
សរុបមក មនុស្សជំនាន់ក្រោយ គឺជាតួអង្គយ៉ាងសំខាន់ក្នុងការសម្រេចសេចក្តីសង្ឃឹមនិងការអភិវឌ្ឍន៍ទាំងនេះ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅតែសង្កត់ធ្ងន់អំពីសារសំខាន់នៃការអប់រំ និងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងអនាគតដ៏ប្រសើរមួយ។
ស៊ាង សារ៉ង កសិករមួយរូបដែលរស់រានមានជីវិតពីរបបខ្មែរក្រហម បានលើកឡើង៖ <<យើងចង់ឱ្យកូនចៅរបស់យើងមានមហិច្ឆិតា និងហ៊ានស្រមើស្រមៃថាតើស្រុកអូរស្វាយគួរតែមានរូបរាងបែបណា>>។
ដំណើរឆ្ពោះទៅមុខបន្តទៀត អាចនឹងពើបប្រទះជាមួយបញ្ហាប្រឈមផ្សេងៗ ក៏ប៉ុន្តែស្មារតីរបស់ប្រជាជនក្នុងស្រុកអូរស្វាយ នៅតែមុតមាំជានិច្ច។ តាមរយៈ ការថែរក្សាប្រវត្តិសាស្ត្រ បង្កើតឱកាសសេដ្ឋកិច្ច និងផ្តល់អំណាចដល់យុវជន-យុវនារីក្នុងតំបន់ ទីប្រជុំស្រុកនេះ អាចស្តារឡើងវិញនូវកេរដំណែលរបស់ខ្លួន និងវិវត្តខ្លួនទៅជានិមិត្តរូបនៃភាពមិនងាយទ្រុឌទ្រោម និងការកកើតឡើងវិញ។ បច្ចុប្បន្ន គឺជាពេលវេលាដ៏សក្តិសមបំផុត ក្នុងការចាប់ផ្តើមប្រតិបត្តិការ ដើម្បីធ្វើឱ្យការគិតរំពៃថា <<តើអាចមានសភាពដូចម្តច>> ទៅជាការពិតថា <<នឹងវិវត្តទៅយ៉ាងដូចម្តេច>>៕