(ភ្នំពេញ)៖ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងបាតុភាពផ្សេងៗ ក្រសួងអប់រំ យុវជន និងកីឡា បានសេចក្តីណែនាំស្តីពី ការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន៕
នៅក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជនដូចខាងក្រោម៖
១៖ បង្កលក្ខណៈឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជនយើង លេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ ។ល។ និងល្បែងប្រជាប្រិយ ខ្មែរមួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម។
២៖ ណែនាំដល់ លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ជួយជំរុញលើកទឹកចិត្ត និងសម្របសម្រួល ឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរទាំងឡាយ ដូចក្នុងចំណុចទីមួយ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
៣៖ ហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយ ចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាប ម្សៅ។ល។
៤៖ សហការជិតស្និទ្ធជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្តល់ និងទទួល ព័ត៌មាន ដើម្បីរួមគ្នាទប់ស្កាត់និង ដោះស្រាយបញ្ហាទាន់ពេលវេលា៕