រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ គឺដើម្បីផ្តល់សុវត្ថិភាព និងសិទ្ធិទទួលបានព័ត៌មានពិតសម្រាប់ប្រជាពលរដ្ឋ (Video inside)

Posted By: RoogRog Robot | 01-Apr-2025 09:58:07

2025-04-01 09:54am

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការបង្កើតព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបំភ្លៃ ការបំភ្លើសខុសពីការពិត គឺមិនមែនជាសេរីភាពសារព័ត៌មាន និងសេរីភាពការបោះពុម្ពផ្សាយនោះទេ នោះគឺជាការរំលោភបំពានលើច្បាប់ ហើយការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ មិនមែនជាការគាប់សង្កត់ទៅលើសិទ្ធិសេរីភាពនៃការបោះពុម្ពផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែ ជាការផ្តល់នូវសុវត្ថិភាព និងព័ត៌មានពិតជូនប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។

ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសឯកឧត្តម ដឹកនាំសន្និសីទសារព័ត៌មានឆ្ពោះទៅបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ <<និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!>> នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា <<ការបង្កើតព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបំភ្លៃ ការបំភ្លើសខុសពីការពិត គឺមិនមែនជាសេរីភាពសារព័ត៌មាន និងសេរីភាពការបោះពុម្ពផ្សាយនោះទេ នោះគឺជាការរំលោភបំពានលើច្បាប់ ហើយការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ មិនមែនជាការគាប់សង្កត់ទៅលើសិទ្ធិសេរីភាពនៃការបោះពុម្ពផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែ ជាការផ្តល់នូវសុវត្ថិភាព ជាការការពារនូវសិទ្ធិរបស់ប្រជាពលរដ្ឋដែលត្រូវទទួលបាននូវព័ត៌មានពិត និងព័ត៌មានដែលមានសុវត្ថិភាព សម្រាប់ប្រជាជនរាប់លាននាក់របស់កម្ពុជាយើង>>។

ត្រង់ចំណុចនេះ ត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា នៅចំពោះមុខក្រសួងព័ត៌មាន បានរៀបចំនូវយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ គឺដើម្បីផ្តល់នូវសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងទទួលបានព័ត៌មានពិត ត្រឹមត្រូវ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ជនណា បុគ្គលណាដែលបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លាយ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

លោក នេត្រ ភក្ត្រា បានបន្ថែមថា យើងនិយាយថាទេ! ចំពោះដំណឹងក្លែងក្លាយ (Fake News) ដំណឹងក្លែងក្លាយត្រូវបានបង្កើតឡើងក្នុងគោលដៅបំភ្លៃ បំផ្លើស បំភ័ន្ត ជាសាច់រឿងមិនពិតដែលត្រូវគេប្រឌិតឡើងជាទម្រង់រូបភាព អត្ថបទ វីដេអូ សំឡេង….ហើយផ្សព្វផ្សាយលើគ្រប់ទម្រង់ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព័ត៌មានផ្សេងៗក្នុងគោលបំណងកេងចំណេញនយោបាយ អាជីវកម្ម ឬចង់បំផ្លាញកេរ្តិ៍ឈ្មោះ ជំនឿទុកចិត្ត។ ករណីសង្ស័យថាជាព័ត៌មានក្លែងក្លាយ សូមកុំចែករំលែកបន្ត និងត្រូវរាយការណ៍ Report ទៅបណ្តាញសង្គមដែលប្រើប្រាស់ថាជា false information។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យុទ្ធនាការ <<និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ>> ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ គឺក្នុងគោលបំណងដើម្បីកាត់បន្ថយឱ្យនៅកម្រិតតិចបំផុត ហើយឈានទៅលុបបំបាត់ទាំងស្រុងនូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មាននៅក្នុងសង្គមកម្ពុជា សំដៅធានាឱ្យបាននូវសន្តិសុខព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបន្ថែមថា ព័ត៌មានក្លែងក្លាយធ្វើឱ្យមានការប្រកាន់បក្សពួក ភាពភ័យខ្លាច អសណ្តាប់ធ្នាប់នៅក្នុងសង្គម និងនយោបាយ បំផ្លាញសុខសន្តិភាព ដែលបន្ទុចបង្អាក់ដល់ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា មិនតែប៉ុណ្ណោះឈានទៅប៉ះពាល់ដល់ទំនាក់ទំនងការទូតផងដែរ របស់កម្ពុជា និងប្រទេសនានានៅលើពិភពលោកផងដែរ។

បន្ថែមពីលើនេះ លោក នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថាការផលិត ឬចែកចាយព័ត៌មានក្លែងក្លាយ គឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ដូច្នេះយើងត្រូវរួបរួមគ្នាដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បានតាមដានជាប្រចាំទៅលើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដោយនៅឆ្នាំ២០២៣ បានកត់សម្គាល់ឃើញថាមានព័ត៌មានក្លែងក្លាយ ចំនួន ៣,២០៨ ហើយនៅក្នុងឆ្នាំ២០២៤ មានព័ត៌មានក្លែងក្លាយ ចំនួន ៣,៦៥១ គឺមានកំណើនកើនឡើង ១៤% នៃព័ត៌មានក្លែងក្លាយ។ ព័ត៌មានក្លែងក្លាយដែលក្រុមការងារបានកត់សម្គាល់នៅក្នុងរបាយការណ៍ប្រចាំថ្ងៃ គឺមិនបានធ្វើទូទៅគ្រប់វិស័យទាំងអស់នោះទេ តែផ្តោតលើវិស័យសំខាន់ៗ ទាក់ទងជាមួយសុខសន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធការដឹកនាំរបស់រាជរដ្ឋាភិបាល និងទាក់ទងបញ្ហាសំខាន់ជាច្រើនទៀត។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ប្រភេទព័ត៌មានក្លែងក្លាយមានបីប្រភេទទី១៖ ព័ត៌មានក្លែងបន្លំ (Disinformation) គឺជាប្រភេទព័ត៌មានមិនពិតដែលបានបង្កើតឡើង ហើយយកទៅធ្វើការផ្សព្វផ្សាយ ឬចែកចាយដោយចេតនាដើម្បីបំភាន់ ឬបោកប្រាស់សាធារណជនក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ។

ទី២៖ ព័ត៌មានបំភ្លៃ (Malinformation) គឺជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពីព័ត៌មានពិត ហើយត្រូវបានគេយកមកផ្សព្វផ្សាយ ឬចែកចាយក្នុងចេតនាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ។

ចំណែកទី៣៖ វិញ គឺព័ត៌មានភាន់ច្រឡំ (Misinformation) ជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេផ្សព្វផ្សាយ ឬចែករំលែកតៗគ្នាដោយចេតនា ឬអចេតនាធ្វើឱ្យមានការយល់ច្រឡំ ហើយជួនកាលអ្នកចែករំលែកមិនដឹងច្បាស់ពីប្រភពនៃព័ត៌មានដែលខ្លួនទទួលបានដោយគ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍ បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ។

ចំពោះយុទ្ធនាការ <<និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ>> ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ នឹងសំដៅធានាឱ្យបាននូវសន្តិសុខព័ត៌មានផងដែរ ដែលផ្តោតទៅលើគោលសំខាន់បី គឺធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ និងសុវត្ថិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដែលកិច្ចការងារនេះគឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គមជាតិយើង៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...