(កំពង់ស្ពឺ)៖ បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំហោងសំណំ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានប្រគល់អាយកូមចំនួន៣០គ្រឿងជូនប្រជាការពារនៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយបានប្រគល់ជូន ឯកសណ្ឋានប្រជាការពាររង្វាន់ចំនួន ៩០កំប៉្លេ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ដើម្បីប្រើប្រាស់ការពារ រក្សាសន្តិសុខ សុវត្ថិភាព ក្នុងភូមិឃុំរបស់ខ្លួន។
នាឱកាសនោះ បណ្ឌិត កែរ រដ្ឋា បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោក ប៊ិន ត្រឈៃ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកឱរ៉ាល់ ដល់ប្រជាការពារទាំងអស់ ដែលលោកប្រធានតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់ និងជូនពរពួកគាត់ជួបប្រទះតែសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច ។
លោកបណ្ឌិត បានជម្រាបជូនអង្គពិធីអំពីការខិតខំ ប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាំងពីសម័យកាល សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនិតីកាលទី៧ បានអភិវឌ្ឍប្រទេសជាតិកម្ពុជាឱ្យរីកចម្រើនជឿនលឿន រុងរឿងថ្កុំថ្កើងរហូតដល់សព្វថ្ងៃនេះ និងបន្តអភិវឌ្ឍបន្ថែមទៀត ដើម្បីឱ្យក្លាយជាប្រទេសអ្នកមានកម្រិតមធ្យមក្នុងឆ្នាំ ២០៣០ និងជាប្រទេសអ្នកមានកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ ។
លោកបណ្ឌិត បានសំណូមពរដល់ប្រជាការពារទាំងអស់ បំពេញនូវតួនាទីភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិឃុំរបស់ខ្លួន តាមគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។
ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ លោកបណ្ឌិត បានជូនពរជ័យ សីរីមង្គល វិបុលសុខ និងជូនថវិកាប្រជាការពារម្នាក់ៗ ៣ម៉ឺនរៀលបន្ថែមទៀត។
នាថ្ងៃដដែល បណ្ឌិត កែរ រដ្ឋា រដ្ឋា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋាន ស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំ ហោងសំណំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារខែមេសាឆ្នាំ ២០២៥ ដែលមានសមាសភាពចូលរួម គណៈអចិន្រៃ្តយ៍គណបក្សឃុំ ក្រុមប្រឹក្សាគណបក្សឃុំ ប្រធាន អនុប្រធាន និងជំនួយការសាខាបក្សភូមិទាំង៩ សរុប២៦នាក់។
ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ លោកបណ្ឌិតបានជូនពរជ័យ សីរីមង្គល វិបុលសុខ និងជូនថវិកាសមាជិកម្នាក់ៗ ៥ម៉ឺនរៀលផងដែរ៕