មេបក្សស្ដាំនិយមជ្រុលបារាំង ត្រូវបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោត ជុំវិញសំណុំរឿងកិបកេងប្រាក់

Posted By: RoogRog Robot | 01-Apr-2025 11:13:10

2025-04-01 09:10am

(ប៉ារីស)៖ មេដឹកនាំគណបក្សស្ដាំនិយមជ្រុលបារាំង National Rally (RN) លោកស្រី Marine Le Pen ត្រូវបានហាមឃាត់ពីការឈរឈ្មោះបោះឆ្នោតរយៈពេល៥ឆ្នាំ ក្នុងនោះរួមមាន ទាំងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ២០២៧ បន្ទាប់ពីតុលាការរកឃើញថាលោកស្រីមានពិរុទ្ធលើបទចោទប្រកាន់កិបកេងមូលនិធិសហភាពអឺរ៉ុប។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

តុលាការមួយនៅក្នុងទីក្រុងប៉ារីស ក៏បានផ្តន្ទាទោសលោកស្រី Le Pen ដែលត្រូវបានគេព្យាករថានឹងក្លាយជាបេក្ខជនឈានមុខគេម្នាក់សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៧ ដាក់ពន្ធនាគា រយៈពេល ៤ឆ្នាំផងដែរ ជាមួយការអនុវត្តការព្យួរទោស២ឆ្នាំ និង២ឆ្នាំទៀតត្រូវអនុវត្តទោសជាប់ឃុំនៅក្នុងផ្ទះជាមួយការពិន័យជាប្រាក់ ១០០ ០០០អឺរ៉ូ ឬស្មើនឹង ១០៨ ០០០ដុល្លារ។ ចំណែក គណបក្ស RN របស់លោកស្រីវិញត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យ ២លានអឺរ៉ូ ពាក់ព័ន្ធនឹងមូលនិធិ៤.១លានអឺរ៉ូនៃសំណុំរឿងកិបកេងមូលនិធិសហភាពអឺរ៉ុប។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 លោកស្រី Le Pen បានអះអាងថាលោកស្រីជាមនុស្សស្អាតស្អំ ហើយថានឹងប្តឹងឧទ្ធរណ៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រឆាំង នឹងអ្វីដែលលោកស្រីហៅថាជាការធ្វើទុក្ខបុកម្នេញនយោបាយក្នុងគោលបំណងរារាំងមិនឱ្យលោកស្រីឈរឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតី។ តាមលោកស្រី Le Pen លោកស្រីបច្ចុប្បន្នត្រូវបានគេដកសិទ្ធិឈរឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៧ក៏ពិតមែន តែលោកស្រីនឹងបន្តជម្នះតស៊ូដើម្បីអនាគតរបស់លោកស្រី៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...