សមរភូមិក្រោយ តែងគាំទ្រសមរភូមិមុខ! បញ្ជាការដ្ឋានការពារកោះ ឆ្នេរ ទទួលបានការឧបត្ថម្ភជាសម្ភារ និងថវិកាពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ

Posted By: RoogRog Robot | 01-Apr-2025 08:39:42

2025-04-01 08:37am

(កំពង់ស្ពឺ)៖ គណៈប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដឹកនាំដោយលោក លូ គឹមឈន់ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នារសៀលថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយនាយនាវី នាយនាវីរង និងពលនាវី នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

ក្នុងពិធីនោះ ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរង កងទ័ពជើងទឹក មេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាអង្គភាពសម្ព័ន្ធមេត្រីភាព ជាមួយបញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលជានិច្ចកាល តែងបានយកចិត្តទុកដាក់រួមសុខរួមទុក្ខ និងបានគិតគូរពីសុខទុក្ខលំបាកគ្រប់បែបយ៉ាងដល់នាយនាវី នាយនាវីរង និងពលនាវី ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តាកោះជួរមុខជាប់ជាប្រចាំ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនទាំងស្មារតី សម្ភារ បរិក្ខា គ្រឿងឧបភោគ បរិភោគ ក៏ដូចជាថវិកា សម្រាប់កសាងអង្គភាព និងថវិកាសម្រាប់ចែកជូនដល់ដៃកងទ័ពជាប្រចាំ ក្នុង១ឆ្នាំចំនួន២លើក នៅក្នុងរដូវភ្ជុំបិណ្ឌ និងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺចាប់តាំងពីពេលចងសម្ព័ន្ធមេត្រីភាព ពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន និងបានបន្សល់ទុកនៅសមិទ្ធផលធំៗជាច្រើន សម្រាប់ទីបញ្ជាការ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ និងតាមបណ្តាកោះជួរមុខ។

នាឱកាសនោះ លោក លូ គឹមឈន់ បានសំដែងនូវមនោសញ្ចេតនារីករាយអបអរសារទរ ជាមួយមេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង និងពលនាវីទាំងអស់ នៃបញ្ជាការដ្ឋានការពារកោះ ឆ្នេរ និងសំដែងនូវការកោតសរសើរដោយស្មោះចំពោះសកម្មភាពដ៍រស់រវើកក្នុងការកសាងអង្គភាពឲ្យមានការរីកចំរើនលើគ្រប់វិស័យ និងស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិន័យ សណ្ដាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ ហើយនូវគ្រប់កាលៈទេសៈតែងតែការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិទាំងមូល។

លោកបានបន្តថា កងកម្លាំងបញ្ជាការដ្ឋានការពារកោះ ឆ្នេរ គឺជាកម្លាំង ស្នូលមួយក្នុងការការពារបូរណភាពទឹកដី ដែនកោះ ឆ្នេរ សមុទ្រតាមបណ្តោយព្រំដែនទឹក ដែនគោកកម្ពុជា-វៀតណាម-ថៃ និងជាកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គមដ៏ល្អ ដែលមិនអាចខ្វះបាន។

នៅក្នុងពិធីចុះសំណេះសំណាល និងសួរសុខទុក្ខនោះលោកក៏បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូននាយនាវី នាយនាវីរង និងពលនាវីទាំងអស់សូមថែរក្សាសុខភាព និងបាននាំយកមកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនដល់បញ្ជាការដ្ឋានការពារកោះ ឆ្នេរ រួមមាន៖ ថវិកា ចំនួន ២០.០០០ដុល្លារ សម្រាប់កសាងអង្គភាព និងថវិកាចំនួន ៥១.១៦០.០០០រៀល សម្រាប់ចែកជូនដល់ដៃ នាយនាវី នាយនាវីរង និងពលនាវី ដោយក្នុង១នាក់ ទទួលបាន ថវិកា ៤០០០០រៀល ដើម្បីអបអរសាទរក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...