(ហ្សាការតា)៖ មន្រ្តីម្នាក់បាននិយាយ នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកាថា រដ្ឋាភិបាលឥណ្ឌូណេស៉ី ត្រៀមជម្លៀសអ្នកស្រុកជាង ១៦,០០០នាក់ចេញពីភូមិមួយ ដែលស្ថិតនៅជុំវិញភ្នំភ្លើងសកម្ម Lewotobi Laki-laki និងដែលបានបណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់ ក៏ដូចជាបំផ្លាញផ្ទះរាប់ពាន់ខ្នង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ភ្នំភ្លើង Lewotobi Laki-laki នៅលើកោះ Flores ក្នុងខេត្ត East Nusa Tenggara បានផ្ទុះកាលពីយប់ថ្ងៃអាទិត្យ ចុងសប្តាហ៍មុន ហើយបញ្ចេញសកម្មភាពផ្ទុះតិចតួចបន្ថែមទៀត នៅថ្ងៃចន្ទសប្តាហ៍នេះ ជាហេតុនាំឱ្យឥណ្ឌូណេស៉ី បន្តដាក់ការប្រកាសអាសន្នភ្នំភ្លើងកម្រិតខ្ពស់។ ការជម្លៀសត្រូវបានរារាំងដោយសារផេះភ្នំភ្លើងក្រាស់ៗ នៅតាមផ្លូវមួយចំនួន។ លោក Heronimus Lamawuran អ្នកនាំពាក្យរបស់រដ្ឋបាលតំបន់ East Flores បានប្រាប់ Reuters ថាគិតត្រឹមព្រឹកថ្ងៃអង្គារនេះ អ្នកស្រុកប្រហែល ២,៤៧២នាក់ក្នុងចំណោម ១៦,០៨៦នាក់ មកពីភូមិចំនួន ៨ ត្រូវបានជម្លៀសចេញហើយ។
លោក Heronimus បញ្ជាក់ថា <<យើងនឹងជម្លៀសអ្នកស្រុក រហូតដល់មានសុវត្ថិភាព សម្រាប់ពួកគេត្រឡប់ទៅវិញ។ អ្នកស្រុកទាំងនោះ ត្រូវជម្លៀសទៅកាន់សាលារៀនចំនួន ៣ និងជម្រកបណ្តោះអាសន្ននៅឯភូមិមួយ ចម្ងាយប្រហែល ២០គីឡូម៉ែត្រពីភ្នំភ្លើងផ្ទុះ។ យើងបានដាក់ពង្រាយរថយន្តបន្ថែមទៀត រួមជាមួយបុគ្គលិកយោធា ប៉ូលិស ដើម្បីជួយដល់ដំណើរការជម្លៀស>>។
គួរបញ្ជាក់ថា បន្ទាប់ពីភ្នំភ្លើងមួយនេះផ្ទុះឡើង មនុស្សចំនួន ៩នាក់បានស្លាប់ របួស ៦៣នាក់ ហើយផ្ទះចំនួន ២,៣៨៤ខ្នង និងសាលារៀនចំនួន ២៥ ត្រូវរងការខូចខាត។ រដ្ឋបាលតំបន់ បានប្រកាសភាពអាសន្ន សម្រាប់រយៈពេល ៥៨ថ្ងៃ៕