(វ៉ាស៉ីនតោន)៖ អំឡុងពេលជួបប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងនាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni កាលពីថ្ងៃអាទិត្យ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានបង្ហាញពីក្តីរំពឹងថា ជំនួបនេះនឹងជួយជំរុញកិច្ចចរចាពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ ២០២៥។
លោក Vance គូសបញ្ជាក់ថា <<អឺរ៉ុបគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ប៉ុន្តែពិតណាស់ យើងមានការខ្វែងគំនិតគ្នាខ្លះៗ ដូចសម្ព័ន្ធមិត្តដទៃទៀតដែរ លើបញ្ហាពាណិជ្ជកម្ម។ ខ្ញុំគិតថា ការសន្ទនាគ្នាពេលនេះ នឹងជាការចាប់ផ្តើមនៃកិច្ចចរចា និងអត្ថប្រយោជន៍ពាណិជ្ជកម្មរយៈពេលវែង រវាងអឺរ៉ុប និងសហរដ្ឋអាមេរិក>>។
សេតវិមាន បានដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលដែកថែប អាលុយមីញ៉ូម និងរថយន្ត ក៏ដូចជាពន្ធគោល ១០ភាគរយ លើប្រទេសសឹងតែទាំងអស់ រួមជាមួយពន្ធបដិការដែលសម្រាប់ EU គឺ២០ភាគរយ ប៉ុន្តែត្រូវបានផ្អាកការអនុវត្តរយៈពេល ៩០ថ្ងៃ ដើម្បីទុកពេលចរចា។
តាមលោកស្រី Von der Leyen ទំនាក់ទំនងពាណិជ្ជកម្ម EU-អាមេរិក មានលក្ខណៈធំបំផុតលើពិភពលោក និងទំហំជាង ១.៥ទ្រីលានដុល្លារក្នុងមួយឆ្នាំ ហើយលោកស្រីបានបន្ថែមថា ភាគីទាំងពីរក៏បានផ្លាស់ប្តូរឯកសារផ្សេងៗ នៃការពិភាក្សានាពេលអនាគត៕