(ចិន)៖ តបតាមការអញ្ជើញរបស់សមាគមអ្នកវិនិយោគកម្ពុជា (CCIA) លោក វណ្ណ វិទ្យា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង បានទៅចូលរួម <
សន្និសីទនេះមានគោលបំណងស្វែងរកនិងបង្កើតកាលានុវត្តភាពអភិវឌ្ឍ និងវិនិយោគថ្មីៗ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ទីក្រុងឆាងសា។
ក្នុងសន្និសីទនោះ មានការចូលរួមពីសំណាក់តំណាងរដ្ឋបាលក្រុងឆាងសា តំណាងក្រុមហ៊ុនអាជីវកម្ម និងវិនិយោគជាង៣៤ មកពីវិស័យផ្សេងៗ ដែលជាក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការទៅធ្វើទស្សនកិច្ចនៅកម្ពុជា សំដៅស្វែងយល់ពីឱកាសវិនិយោគ និងកាលានុវត្តភាពអាជីវកម្មថ្មីៗ ដែលសរុបទាំងអស់មានអ្នកចូលរួមប្រមាណជាង ១០០ នាក់។
ថ្លែងនៅក្នុងឱកាសនោះ លោកអគ្គកុងស៊ុលកម្ពុជា បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អផូរផង់រវាងកម្ពុជា-ចិន ដែលមានរយៈពេលជាយូរលង់ណាស់មកហើយ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋចិន ទៅកាន់កម្ពុជានាពេលថ្មីៗ ដែលដំណើរទស្សនកិច្ចនេះនឹងកាន់តែពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន។ ជាងនេះទៅទៀត លោកអគ្គកុងស៊ុលបានសង្កត់ធ្ងន់អំពីកត្តាសំខាន់ៗមួយចំនួនសម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្តទៅវិនិយោគនៅកម្ពុជា ដូចជា បរិយាកាសទូទៅនៃសេដ្ឋកិច្ច-សង្គមកម្ពុជាដែលមានស្ថិរភាព, សុខសន្តិភាពពេញលេញនៅពេញផ្ទៃប្រទេស, ស្ថិរភាពនយោបាយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា, បរិយាកាសវិនិយោគដែលគាំទ្រដល់វិនិយោគិន, កាលានុវត្តភាពវិនិយោគលើវិស័យសំខាន់ៗរបស់កម្ពុជា, ព្រមទាំងច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា និងអនុក្រឹតក្នុងការអនុវត្តច្បាប់ស្តីពីការវិនិយោគ និងក្របខណ្ឌគោលនយោបាយនានាដែលគាំពារដល់សិទ្ធិនិងផលប្រយោជន៍របស់វិនិយោគិនបរទេសនៅកម្ពុជាជាដើម។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងឆាងសា លោកអគ្គកុងស៊ុល ក៏បានធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុនវិនិយោគមួយចំនួនដែលមានសក្ដានុពលវិនិយោគមកកាន់កម្ពុជា ដែលក្នុងនោះមានរោងចក្រផលិតបន្ទះសូឡា និងឧបករណ៍រក្សាទុកថាមពលអគ្គិសនី, ក្រុមហ៊ុនផលិតគ្រឿងចក្រ និងយានយន្តទៅកាន់ទីផ្សារពិភពលោក ដូចជាសហរដ្ឋអាមេរិកជាដើម៕