(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ បានបន្ដរៀបចំវេទិកាសារព័ត៌មានលើកទី៧ ក្រោមប្រធានបទ <<កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្ដរជាតិ>>។
ដូចសព្វមួយដង វេទិកាសារព័ត៌មានលើកទី៧នេះ ដឹកនាំដោយលោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក តាន់ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី។
តាមរយៈសន្និសីទសារព័ត៌មាននេះ លោក ប៉ែន បូណា និងលោក តាន់ហ្សង់ ហ្រ្វង់ស័រ បានបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រេចបានក្នុងរយៈពេល៣ខែចុងក្រោយនេះ ទាំងក្របខ័ណ្ឌសមិទ្ធផលក្នុងប្រទេស និងស្នាដៃនៅលើឆាកអន្ដរជាតិ។
រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីទាំងពីររូបសុទ្ធតែបានអះអាងដូចៗគ្នាថា ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលគ្មានកម្លាំងណា ឬឥទ្ធិពលអ្វីមកធ្វើឲ្យរង្គោះរង្គើរបាន រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត កំពុងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយជំនឿចិត្តយ៉ាងមុតមាំ ឆ្ពោះទៅសម្រេចគោលដៅកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ស្របតាមគោលបំណងដែលប្រជាពលរដ្ឋខ្មែរចង់បាន។
សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖