(ភ្នំពេញ)៖ ក្រុមធម្មសកម្ម (Dhama in Action) នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ បានសហការជាមួយគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) រៀបចំនូវបាឋកថាពិសេស ស្តីពី <<ការពង្រឹងភាពជាអ្នកដឹកនាំ គុណធម៌ ផ្អែកលើព្រះពុទ្ធសាសនា>> ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិក នៃគ.ផ.គ.ព. នៅវិមានសន្តិភាព។
បាឋកថាពិសេសធ្វើឡើងក្រោយអធិបតីភាព របស់លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិក នៃគ.ផ.គ.ព ជាច្រើនរូបទៀត។
ចំណែកក្រុមធម្មសកម្ម (Dhama in Action) ដឹកនាំដោយលោកសាស្ត្រចារ្យបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមធម្មសកម្ម, មហាឧបាសក អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះតេជគុណបណ្ឌិត សាន ពិសិទ្ធិ អ្នកស្រាវជ្រាវផ្នែកអភិបាលកិច្ច និងសេដ្ឋកិច្ចព្រះពុទ្ធសាសនា។
ថ្លែងក្នុងឱកាសនោះ លោកសាស្ត្រចារ្យបណ្ឌិត ម៉ី កល្យាណ បានលើកឡើងថា នៅប្រទេសកម្ពុជាយើងមានអ្នកកាន់ និងគោរពប្រតិបត្តិព្រះពុទ្ធសាសនាច្រើន តែសំបូរដោយការរៀបចំពិធីសាសនា ចំណែកឯការសិក្សាស្វែងយល់ឱ្យស៉ីជម្រៅ ហាក់នៅមានកម្រិត។ លើសពីនេះក៏មានការយល់ច្រឡំថែមទៀតថា ព្រះពុទ្ធសាសនាធ្វើឱ្យមនុស្សខ្ជិល ធ្វើឱ្យមនុស្សអសកម្ម ធ្វើឱ្យមនុស្សមិនសូវមានប្រយោជន៍ ប៉ុន្តែមិនដូច្នេះទេ ការគិតបែបនេះ គឺជាការខុសឆ្គងមួយ។
លោកសាស្ត្រចារ្យបណ្ឌិត ម៉ី កល្យាណ បានសង្កត់ធ្ងន់ថា ការសិក្សាស្វែងយល់អំពីព្រះពុទ្ធសាសនា ធ្វើឱ្យមនុស្សមានសេចក្តីចម្រើន មានប្រយោជន៍ និងសេចក្តីសុខ ដែលជាបំណងរបស់មនុស្សគ្រប់គ្នា។
លោកបណ្ឌិតបានជំរុញឱ្យពុទ្ធសាសនិក ត្រូវខិងខំសិក្សាស្វែងយល់អំពីព្រះពុទ្ធសាសនាឱ្យកាន់តែជ្រូតជ្រាបថែមទៀត ហើយបើសិនត្រូវការក្រុមធម្មសកម្ម លោកបណ្ឌិតរីករាយនឹងចូលរួមជួយផ្សព្វផ្សាយ នូវគំនិតល្អរបស់ក្នុងព្រះពុទ្ធសាសនា ឱ្យកាន់តែទូលំទូលាយថែមទៀត។ លោកបន្ថែមថា ក្រុមធម្មសកម្ម កំពុងរៀបចំចងសៀវភៅ ស្តីពីទ្រឹស្តីល្អៗក្នុងព្រះពុទ្ធសាសនា ដើម្បីឱ្យកាន់តែពុទ្ធសាសនិក ពិសេសយុវជនកាន់តែងាយយល់ បានជាប្រយោជន៍ចំពោះបុគ្គល សង្គម និងធម្មជាតិ។
លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានថ្លែងអំណរគុណដល់សមាជិក គ.ផ.គ.ព ដែលបានអញ្ជើញចូលរួមស្តាប់បឋកថា ស្តីពី <<ការពង្រឹងភាពជាអ្នកដឹកនាំ គុណធម៌ ផ្អែកលើព្រះពុទ្ធសាសនា>> ដ៏មានតម្លៃនេះ សម្រាប់ជាប្រយោជន៍ដល់ការបំពេញការងារប្រចាំថ្ងៃ។
លោកបណ្ឌិតបានថ្លែងអំណរគុណដល់ក្រុមធម្មសកម្ម ដែលមានលោកបណ្ឌិត ម៉ី កល្យាណ ជាប្រធាន និងក្រុមការងារទាំងអស់ ដែលបានអញ្ជើញរៀបចំបាឋកថា ដ៏សំខាន់នេះឡើង។ លោកបណ្ឌិតបានលើកឡើងពីបទពិសោធន៍ការងាររបស់ខ្លួន ក្នុងពេលបម្រើការងារជាមួយថ្នាក់ដឹកនាំ ដោយអាចស្វែងយល់ និងរៀនសូត្រពីរបៀបដឹកនាំ ផ្សារភ្ជាប់ជាមួយព្រះពុទ្ធសាសនា គឺគុណធម៌។ លោកបានជំរុញឱ្យសមាជិក គ.ផ.គ.ព ទាំងអស់ ដែលរួមស្តាប់បាឋកថានេះ ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ស្វែងយល់ឱ្យបានខ្ជាប់ខ្ជួន។
ព្រះតេជគុណ តេជានន្ទភិក្ខុ សាន ពិសិទ្ធិ បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីព្រះពុទ្ធសាសនា និងភាពជាអ្នកដឹកនាំតាមបែបព្រះពុទ្ធសាសនា និងបានផ្តល់ឱកាសដល់អ្នកចូលរួម ដែលមានចម្ងល់អាចសាកសួរចម្ងល់នានា ពាក់ព័ន្ធព្រះពុទ្ធសាសនាថែមទៀតផង។
មហាឧបាសក អៀង សុធារ៉ា បានចូលរួមចែករំលែកបន្ថែម អំពីកូដធម៌របស់ព្រះពុទ្ធសាសនា ដើម្បីឱ្យសន្តិភាពភាពផ្លូវកាយ ផ្លូវចិត្ត, កូដធម៌ ធ្វើជាពលរដ្ឋល្អ, កូដធម៌ ឱ្យមានការអភិវឌ្ឍ និងកូដធម៌ សម្រាប់អ្នកដឹកនាំស្ថាប័ន ក្រុមហ៊ុន ឱ្យមានភាពរីកម្រើនជាដើម។
ជាមួយគ្នានេះ ក្រុមធម្មសកម្ម (Dhama in Action) បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមបង្កើតឱ្យមាននូវបាឋកថាពិសេស ស្តីពី <<ការពង្រឹងភាពជាអ្នកដឹកនាំ គុណធម៌ ផ្អែកលើព្រះពុទ្ធសាសនា>> ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិក នៃគ.ផ.គ.ព. នៅវិមានសន្តិភាពនេះឡើង។
បន្ថែមលើសពីនេះ ក្រុមធម្មសកម្ម ស្វាគមន៍ចំពោះស្ថាប័នផ្សេងៗទៀត ដែលមានបំណងចង់ស្វែងយល់ សិក្សាអំពីសារសំខាន់នៃព្រះពុទ្ធសាសនា ក្រុមធម្មសកម្មរីករាយនឹងសហការរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីព្រះពុទ្ធសាសនា ឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ ជាសេចក្តីសុខ សេចក្តីចម្រើន សម្រាប់សង្គមជាតិទាំងមូល៕