សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់សមាគមឧស្សាហកម្មថ្នាំ​ជក់កម្ពុជា មិនអនុញ្ញាតឱ្យមានការផលិតបារីអេឡិកត្រូនិកនៅកម្ពុជា

Posted By: RoogRog Robot | 13-May-2025 20:01:25

2025-05-13 05:55pm

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈ​ប្រតិ​ភូ​សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដឹកនាំដោយលោក Barros Figueira Miguel ប្រធានសមាគម ATIC ចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោកប្រធានសមាគម បានគោរពថ្លែងអំណរគុណ សម្ដេច​​មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូសមាគមចូលជួបសម្ដែងការគួរសម។ លោកប្រធាន​សមាគម​បានគោរពរាយការណ៍ដោយសង្ខេបជូន​សម្ដេចមហាបវរ​ធិប​តី អំពីស្ថានភាព និងសកម្មភាពការងាររបស់សមាគមផងដែរ។

លោកប្រធានសមាគម បានបញ្ជាក់ថា សមាគមបានចូលរួមចំណែក​បង្កើត​ការងារក្នុងស្រុកបានជាង ៤,៥០០កន្លែង និង រួមចំណែកដល់​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាផងដែរ។ លោកប្រធានសមា​គម​បានបន្តថា សមាគមក៏បានចូលរួមចំណែកក្នុង​ការងារសង្គមជាច្រេីន​ដូចជា​ការផ្តល់ឧបករណ៍ទឹកស្អាត,​ ការផ្ដល់កុំព្យូទ័រ, សម្ភារបរិក្ខារ​ និង ការ​ជួយដល់សហគមន៍ជាដើម។

លោកប្រធានសមា​គម​ក៏បានគូសបញ្ជាក់ពីការគាំទ្រនូវរាល់​គំនិតផ្ដួច​ផ្ដើម​ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញ​បំណងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីលើក​កម្ពស់​ការយល់ដឹងអំពីផលិតផលថ្នាំជក់​ និងបារី ដល់ប្រជាពលរដ្ឋ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើង​អំពីការយក​ចិត្ត​ទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ព្រមទាំងការដាក់ចេញវិធានការនានា ដើម្បី​ឆ្លើយ​​តប និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន។

សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះ​សុខភាព​របស់ប្រជាពលរដ្ឋ ដោយបច្ចុប្បន្នក្រសួងស្ថាប័នពាក់ព័ន្ធ​កម្ពុជា បាននិងកំពុងពិនិត្យយន្តការនានា ដើម្បីធានាតុល្យភាពរវាង​ការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន និងការលេីកកម្ពស់​សុខ​ភាព​សាធារណៈ ជូនប្រជាពលរដ្ឋ។ សម្ដេចប្រមុខរាជរដ្ឋាភិបាល បាន​បន្ថែមថា រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់លើការ​លើក​កម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងបារី និង​បានជំរុញការត្រួតពិនិត្យការចែកចាយផលិតផលថ្នាំជក់ និងបារីខុស​ច្បាប់ ដើម្បីធានាឱ្យមានការចរាចរ និងចែកចាយផលិតផលដោយអនុ​លោម​តាមច្បាប់។

ក្នុងជំនួបនោះ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់​សា​ជា​ថ្មីថា​ រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអនុញ្ញាតឱ្យមានការវិនិយោគ​លេីការ​ផលិតបារីអេឡិចត្រូនិក (e-cigarettes) នៅកម្ពុជានោះទេ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...