(ព្រះសីហនុ)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ក្រោមប្រធានបទ <<រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ>> នៅទីស្នាក់ការសាខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខា មន្ត្រីសាខា ក្រុមយុវជនស្ម័គ្រចិត្ត និងបងប្អូនសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានជាច្រើនរូបផងដែរ។
លោក ម៉ាង ស៊ីណេត បានថ្លែងអំណរគុណដល់បងប្អូនសប្បុរសជនទាំងអស់ដែលមានស្មារតីចូលរួម បរិច្ចាគថវិកា និងសម្ភារៈប្រគល់ជូនសាខាកាកបាទក្រហមខេត្តព្រះសីហនុនា ព្រមទាំងបានធ្វើការអំពាវនាវចំពោះលោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន អាជីវករ ពាណិជ្ជករ នឹងចូលរួមយ៉ាងច្រើនកុះករជួយឧបត្ថម្ភជាថវិកា សម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុពុំខានឡើយ។
ក្រុមការងារមូលនិធិរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រង់ចាំទទួលពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃនេះតទៅ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា នេះជាការទទួលថវិកាពីសប្បុរសជនចំនួនពីរលើក គឺនៅថ្ងៃទី១២ និង១៣ ខែឧសភា ឆ្នាំ២០២៥នេះ ទទួលបានប្រាក់រៀលចំនួន ១៨៩,៨០៣,៧០០រៀល និងប្រាក់ដុល្លា រ៣០៤ ៧៥០ដុល្លារអាមេរិក៕