BREAKING: អាមេរិក-អារ៉ាប៊ីសាអូឌីត ចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រ» ក្រោយជំនួបត្រាំ-MbS

Posted By: RoogRog Robot | 13-May-2025 22:19:40

2025-05-13 10:12pm

(រីយ៉ាដ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី១៣ ខែឧសភា បានចុះហត្ថលេខាលើ <<កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រ>> ជាមួយប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលដែលមហាអំណាចប្រេងមួយនេះ បានទទួលស្វាគមន៍លោកយ៉ាងកក់ក្តៅ ក្នុងពេលចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រ ដែលមានគោលបំណងប្រមូលទុនវិនិយោគរាប់ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្រះអង្គម្ចាស់​រាជទាយាទ Mohammed bin Salman បាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​លោក ត្រាំ នៅ​ពេល​លោក​អញ្ជើញ​ដល់​អារ៉ាប៊ីសាអូឌីត។ ក្រោយ​មក ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​រួមគ្នា​ចុះហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​សំខាន់ៗ​ជាច្រើន ដែល​ទូរទស្សន៍​រដ្ឋ​អារ៉ាប៊ីសាអូឌីត​រាយការណ៍​ថា​គ្របដណ្ដប់​លើ​វិស័យ​ថាមពល ការពារ​ជាតិ ការ​រុករក​រ៉ែ និង​វិស័យ​ផ្សេងៗ​ទៀត។ ទន្ទឹម​គ្នា​នេះ សេតវិមាន​បាន​បង្ហាញ​ថា អារ៉ាប៊ីសាអូឌីត​មាន​ផែនការ​វិនិយោគ​ទឹកប្រាក់ ៦០០ ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក ដោយ​ក្នុង​នោះ​មាន​កិច្ចព្រមព្រៀង​លក់​អាវុធ​ដ៏​ធំ​មួយ​មាន​តម្លៃ​ជិត ១៤២ ពាន់​លាន​ដុល្លារ។

ក្នុងជំនួបជាមួយព្រះអង្គម្ចាស់រាជទាយាទនៅទីក្រុងរីយ៉ាដ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងដូច្នេះថា <<ខ្ញុំពិតជាជឿជាក់ថា យើងចូលចិត្តគ្នាទៅវិញទៅមកណាស់>>។ កាសែត Wall Street Journal បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំមួយនៅព្រះបរមរាជវាំង លោក ត្រាំ បានហៅព្រះអង្គម្ចាស់រាជទាយាទថាជា <<មិត្ត>> ហើយបានបញ្ជាក់ថា ពួកគេមានទំនាក់ទំនងល្អ។ លោក ត្រាំ ក៏បានរំលឹកពីដំណើរទស្សនកិច្ចឆ្នាំ ២០១៧ របស់លោក និងបានលើកឡើងថា ការវិនិយោគរបស់អារ៉ាប៊ីសាអូឌីត នឹងជួយបង្កើតការងារនៅអាមេរិក។ លោកថែមទាំងបាននិយាយបែបលេងសើចថា ការសន្យាវិនិយោគ ៦០០ពាន់លានដុល្លារ អាចនឹងឡើងដល់ ១ពាន់ពាន់លានដុល្លារ។

លោក ត្រាំ ដែលត្រូវបានអមដំណើរដោយមេដឹកនាំធុរកិច្ចអាមេរិកជាច្រើនរូប រួមទាំងមហាសេដ្ឋី Elon Musk នឹងបន្តដំណើរពីទីក្រុងរីយ៉ាដ ទៅកាន់ប្រទេសកាតានៅថ្ងៃពុធ និងអារ៉ាប់រួមនៅថ្ងៃព្រហស្បតិ៍។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ផ្តោតសំខាន់លើការវិនិយោគ ជាជាងបញ្ហាសន្តិសុខក្នុងតំបន់ ហើយ​ការ​មិន​ចូលទស្សនកិច្ច​នៅ​អ៊ីស្រាអែល​បាន​បង្ក​ចម្ងល់​ពី​អាទិភាព​របស់​អាមេរិក។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ បានគូសបញ្ជាក់ពីការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយនៅមជ្ឈិមបូព៌ា ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងការពារជាតិ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...