(កំពង់ធំ)៖ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តផ្តោតយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវជនបទ ព្រោះផ្លូវគឺជាសរសៃ ឈាមដែលតភ្ជាប់ និងមានភាពប្រទាក់ក្រឡា ជំរុញនូវគ្រប់អន្តរវិស័យ ជាពិសសជួយជំរុញចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែរីកចម្រើន។
លោកបណ្ឌិត សៅ ជីវ័ន្ត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលើការងារស្ដារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួសចំនួន១ ខ្សែ ប្រវែងជាង១២ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ រួមជាមួយសំណង់ផ្សេងៗ ស្ថិតនៅភូមិស្រែស្រម៉រ ឃុំទីពោ ស្រុកសន្ទុក និងភូមិទំនប់ ឃុំសឹង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ។
លោកមានប្រសាសន៍ថា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោក ឆាយ ឫទ្ធិសែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ដោយលោករដ្ឋមន្រ្តីតែងតែអញ្ជើញចុះពិនិត្យជាប្រចាំ លើការងារ ស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើយ៉ាងណាជំរុញស្ថាបនា ជាពិសេសការស្ថាបនាផ្លូវជនបទ ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោករដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធជនបទនេះ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងក៏ជាផ្នែកមួយ នៃការជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច និងកិច្ចការសង្គមនៅតាមជនបទផងដែរ។
ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករងនាយកដ្ឋានវិស្វកម្ម តំណាងឧត្តមសេនីយ៍ឯក សឿន រឿត នាយកនៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើកឡើងថា បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពពីក្រសួង អភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ក៏បានអនុវត្តការងារស្ថាបនាផ្លូវ ខាងលើនេះភ្លាម ដើម្បីចូលរួមចំណែកដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។ ជុំវិញផ្លូវខាងលើនេះ លោកបណ្ឌិត សៅ ជីវ័ន្ត បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹង ប្រែង និងថែទាំរហូតដល់ផុតសុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ ដែលនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើការងារលើកកម្ពស់ផ្លូវ និងក៏ជាការផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនធ្វើដំណើរឆ្លងកាត់ ជាពិសេសប្រជាជនរស់នៅក្នុងមូលដ្ឋាន ផ្ទាល់ មានផ្លូវល្អធ្វើដំណើរ, ចំណេញពេលវេលា, កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈកសិផល និងសម្រួលដល់ការធ្វើ អាជីវកម្មផ្សេងៗ សម្រាប់ការរកស៊ីទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាដើម៕