(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំជនបង្គោលថ្មី ត្រូវអប់រំបន្តពីបញ្ហាគ្រឿងញៀន អេដស៍ និងបំផុសការប្រើប្រាស់ <
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានសមាសភាព ចូលរួមផ្ទាល់ចំនួន១០០នាក់ និងតាមប្រព័ន្ធ Zoom នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
ថ្លែងក្នុងនាមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះនាយឧត្ដមសេនីយ៍ មាស វីរិទ្ធ បានថ្លែងអំណរគុណ និងបានណែនាំសិក្ខាកាមដែលជាជនបង្គោលថ្មី ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់សម្រាប់ធ្វើការបណ្ដុះបណ្ដាលអប់រំបន្ត និងការទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ដើម្បីទទួលចំណេះដឹង ព័ត៌មាន កំសាន្ត អប់រំ ទីតាំងព្យាបាល ជាពិសេសការរាយការណ៍រាល់ករណីបទលើ្មសគ្រឿងញៀន (លក្ខខណ្ឌអនាមិក) ជូនដល់អាជ្ញាធរមានសមត្ថកិច្ច នឹងទទួលបានការដោះស្រាយដោយប្រសិទ្ធភាព។
ឱកាសនោះលោកវេជ្ជបណ្ឌិត ស៊ឹម គីមសាន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បានណែនាំសិក្ខាកាមទាំងអស់ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ក្នុងខណៈដែលការរីករាលដាល និងការឆ្លងជំងឺអេដស៍ នៅតែមានក្នុងអត្រាមួយ ដែលគួរឱ្យគត់សម្គាល់ ជាពិសេសក្នុងចំណោមយុវវ័យអាយុចន្លោះ១៤-២៥ឆ្នាំ ភាគច្រើនក្នុងក្រុមអ្នកស្រលាញ់ភេទដូចគ្នា ដូច្នេះដើម្បីបញ្ចប់អេដស៍ទាល់តែមានការ ចូលរួមសហការការពីប្រជាពលរដ្ឋម្នាក់ៗតាមវិធានការសុខាភិបាល។
ថ្លែងក្នុងនាមលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានជំរុញសិក្ខាកាមដែលបានចូលរួមទាំងអស់ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ក្រេបជញ្ជក់ចំណេះដឹងដែល បានផ្ដល់ជូននៅក្នុងកម្មវិធីសិក្ខាសាលានេះ និងចូលរួមអនុវត្តការងារប្រកបដោយក្ដីស្រលាញ់តាមរយៈការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយទៅលើបញ្ហាគ្រឿងញៀន អេដស៍នេះ ព្រោះថាបើគ្មានការយល់ដឹង និងចូលរួមពីរប្រជាពលរដ្ឋទេគឺមិនទទួលជោគជ័យឡើយ។
ជាមួយគ្នានេះ វាគ្មិនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ត្រី យិន យឿត បានធ្វើបទបង្ហាញជូនសិក្ខាកាមទាំងអស់អីពី អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន ផលប៉ះពាល់ទៅលើអ្នកប្រើប្រាស់ គ្រួសារ និងសង្គម របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងរបៀបទាញ និងប្រើប្រាស់កម្មវិធីទូរសព្ទដៃ៕