លោក Zelenskyy ដាក់លក្ខខណ្ឌ «ជំនួបផ្ទាល់ជាមួយលោក ពូទីន មិនមែនអ្នកតំណាង»​ ទើបមានកិច្ចចរចានៅអ៊ីស្តង់ប៊ុល»

Posted By: RoogRog Robot | 13-May-2025 19:42:56

2025-05-13 07:41pm

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងមិនជួបជាមួយមន្ត្រីរុស្ស៊ីណាម្នាក់ក្រៅពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន នោះទេ សម្រាប់កិច្ចចរចាដោយផ្ទាល់ ដែលអាចនឹងធ្វើឡើងនៅប្រទេសតួកគីយ៉េ។ នេះបើតាមការអះអាងរបស់ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak ដែលស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters។

លោក Podolyak បានគូសបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងចូលរួមក្នុងកិច្ចពិភាក្សាស្តីពីអ៊ុយក្រែនក្នុងសប្តាហ៍នេះ នៅទីក្រុងអ៊ីស្តង់ប៊ុល លុះត្រាតែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមដោយផ្ទាល់ផងដែរ។​ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់ថា កិច្ចប្រជុំទ្វេភាគីកម្រិតទាបនៅទីក្រុងអ៊ីស្តង់ប៊ុល នឹង <<គ្មានន័យ>> នោះទេ ពីព្រោះរដ្ឋមន្ត្រីរុស្ស៊ីទំនងជាខ្វះសិទ្ធិអំណាចក្នុងការធ្វើការសម្រេចចិត្តសំខាន់ៗ ដែលត្រូវការដើម្បីបញ្ចប់សង្គ្រាម។

ការបញ្ជាក់ជំហរនេះ កើតឡើងបន្ទាប់ពីកាលពីថ្ងៃអាទិត្យ លោក ពូទីន បានស្នើឲ្យមានការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន បន្ទាប់ពីមិនអើពើនឹងសំណើបទឈប់បាញ់ ៣០ថ្ងៃរបស់អ៊ុយក្រែន។ បន្ទាប់មក លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានស្នើឲ្យមានកិច្ចប្រជុំនៅអ៊ីស្តង់ប៊ុល បានជំរុញជាសាធារណៈឲ្យលោក Zelenskyy ទទួលយកសំណើនេះ។ មេដឹកនាំអ៊ុយក្រែនបន្ទាប់មកបានថ្លែងថា លោកនឹងរង់ចាំលោក ពូទីន នៅអ៊ីស្តង់ប៊ុល។

ទោះជាយ៉ាងណា ទីក្រុងមូស្គូ មិនទាន់បញ្ជាក់ថា តើលោក ពូទីន នឹងធ្វើដំណើរទៅតួកគីយ៉េដោយផ្ទាល់ឬយ៉ាងណានោះទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានត្រឹមតែនិយាយថា <<ភាគីរុស្ស៊ីកំពុងបន្តត្រៀមខ្លួនសម្រាប់ការចរចា... យើងនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទេ>> នៅពេលត្រូវបានសួរអំពីការចូលរួមរបស់លោក ពូទីន។

គួរបញ្ជាក់ថា លោក ត្រាំ បានទាមទារឲ្យភាគីទាំងពីរបញ្ចប់សង្គ្រាម ហើយបានគំរាមដកខ្លួនពីកិច្ចសម្រុះសម្រួល ប្រសិនបើគ្មានវឌ្ឍនភាពឆាប់ៗ។ ទន្ទឹមនឹងនេះ មេដឹកនាំចិន និងប្រេស៊ីល បានចេញសេចក្តីថ្លែងការណ៍រួម ស្វាគមន៍សំណើរបស់លោក ពូទីន ឲ្យមានការចរចា និងសង្ឃឹមថា កិច្ចសន្ទនាផ្ទាល់អាចចាប់ផ្តើមបានឆាប់។

ការកំណត់លក្ខខណ្ឌជួបតែជាមួយលោក ពូទីន ដោយផ្ទាល់ពីសំណាក់លោក Zelenskyy កំពុងដាក់សម្ពាធបន្ថែមទៀតលើកិច្ចខិតខំប្រឹងប្រែងការទូត ដែលកំពុងព្យាយាមបញ្ចប់សង្គ្រាមដែលអូសបន្លាយជាងបីឆ្នាំ និងបានសម្លាប់ទាហានរាប់សែននាក់៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...