នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២

Posted By: RoogRog Robot | 13-May-2025 02:40:49

2025-05-13 09:36am

(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃអង្គារ ទី១៣ ខែឧសភា បានស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២ រួមជាមួយក្រុមរដ្ឋមន្ត្រីរបស់លោក បន្ទាប់ពី គណបក្សរបស់លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីដើមខែឧសភាកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គណបក្សពលករ ឬ Labor Party របស់លោក Albanese បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី៣ ខែឧសភា ដែលត្រូវបានក្រុមអ្នកវិភាគខ្លះជឿថាជោគជ័យនេះគឺ ដោយសារតែគោលនយោបាយមួយចំនួនរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ លោក Albanese និងក្រុមរដ្ឋមន្ត្រីរបស់លោកបានស្បថចូលកាន់តំណែងក្នុងពិធីមួយប្រព្រឹត្តទៅ នៅឯ Government House ដែលជាកន្លែងធ្វើការរបស់នាយករដ្ឋមន្ត្រី ក្នុងទីក្រុង Canberra។ សម្រាប់តំណែងរដ្ឋមន្ត្រីសំខាន់ៗដូចជា ហិរញ្ញវត្ថុ ការបរទេស ការពារជាតិ និងពាណិជ្ជកម្ម នៅក្រោមអាណត្តិទី២នៃរដ្ឋាភិបាលលោក Albanese មិនមានការផ្លាស់ប្ដូរទេ។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ គណបក្សសេរីនិយម (Liberal Party) ដែលជាគណបក្សប្រឆាំង និងអភិរក្សនិយម បានបោះឆ្នោតជ្រើសរើសលោកស្រី Sussan Ley ជាមេដឹកនាំថ្មីរបស់ខ្លួន បន្ទាប់ពីលោក Peter Dutton បាត់បង់អាសនៈក្នុងការបោះឆ្នោត។ លោកស្រី Sussan Ley នឹងក្លាយមេដឹកនាំជាស្ត្រីដំបូងគេម្នាក់នៃគណបក្ស Liberal Party នៅក្នុងប្រទេសអូស្ត្រាលី៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...