សិក្ខាសាលាអន្តរជាតិស្តីពីទំនាក់ទំនងចិន-អាស៊ាន លើកទី២ ត្រូវបានរៀបចំធ្វើឡើងនៅភ្នំពេញ

Posted By: RoogRog Robot | 13-May-2025 07:50:11

2025-05-13 02:44pm

(ភ្នំពេញ)៖ មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស (SEAMEO TED) និងអង្គការ GO STUDY Global Education នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសហការរៀបចំសិក្ខា​សាលាអន្តរជាតិស្តីពី ភាពជាដៃគូរវាងប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍លើកទី២ (2nd China-SEA Partnership Workshop) នៅសណ្ឋាគារ HYMAWARI រាជធានីភ្នំពេញ។

សិក្ខាសាលាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីកសាងទំនាក់ទំនង និងភាពជាដៃគូលើផ្នែកអប់រំបច្ចេកទេស និងដើម្បីផ្សាភ្ជាប់សាលាអប់រំបច្ចេកទេស​តាមរយៈការចែករំលែកបទពិសោធន ​លើជំនាញ បច្ចេកទេសពីអ្នកឯកទេសមកពីប្រទេសចិន និងប្រទេសសមាជិកអាស៊ាន ដែលមានអ្នកចូលរួម១៣៤រូប ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំស្ថាប័ន និងសាលាអប់រំបច្ចេកទេសមកពីប្រទេសចិន ប្រទេសសមាជិកអាស៊ាន និងប្រទេសរុស្សី សរុបចំនួន៤៨ស្ថាប័ន។

នាឱកាសនោះលោកបណ្ឌិត អៃ សុងហ៊ាង នាយកមជ្ឈមណ្ឌល SEAMEO TED បានឱ្យដឹងថា ថាសិក្ខាសាលានេះ នឹងត្រួសត្រាយផ្លូវថ្មីបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរគ្រូបង្រៀន/សិស្សក្នុងវិស័យអប់រំវិជ្ជជីវៈ (TVET) ក្នុងនោះប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍បានរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង TVET ជាយូរមកហើយ។

លោកបានបញ្ជាក់ថា វេទិកាសហប្រតិបត្តិការអប់រំបច្ចេកទេសចិន-អាស៊ាន បានចែករំលែកវគ្គសិក្សាតាមអ៊ីនធឺណិតជាច្រើន ពីប្រទេសចិនដល់អាស៊ានដោយក្នុងឆ្នាំ២០២៤ សាលាចិនសរុបចំនួន៤១ បានចែករំលែកវគ្គសិក្សា ជាង៣០០ ក្រោមកិច្ចសហការសម្របសម្រួលរបស់រវាង CATECP អង្គការ Go Study Global Education និង SEAMEO TED។ តាមរយៈបណ្តាញផ្សេងៗ យើងបានពង្រីកវិសាលភាព ​នៃវគ្គសិក្សាទាំងនេះទៅកាន់ ប្រទេសអាស៊ានទាំងអស់ដោយមានសិស្សចំនួន ២៥៦,៦៧២នាក់បានចូលរួមក្នុងវគ្គសិក្សាទាំងនោះ។

លោកបណ្ឌិតក៏បានគូសបញ្ជាក់ថា ត្រឹមតែរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៥ សាលារៀនចិនជាង១០០ មកពីខេត្តចំនួន ១៤បានចូលរួមក្នុងគម្រោងនេះ ហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានធ្វើការ​ជាមួយក្រសួងអប់រំ​​ក្នុងប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ីវៀតណាម ប្រ៊ុយណេ និងប្រទេសដទៃទៀត ដើម្បីផ្សព្វផ្សាយពីវេទិកា CATECP ដល់គ្រឹះស្ថានឧត្តមសិក្សាជាង ២០០ នៅទូទាំងតំបន់។ គិតត្រឹមខែមេសា វេទិកានេះមានអ្នកប្រើប្រាស់រហូតដល់ជាង ៤០០,០០០ នាក់រួចហើយ ដែលលើសពីចំនួនសរុបនៃអ្នកប្រើប្រាស់ក្នុងឆ្នាំ ២០២៤កន្លងទៅ។

លោកស្រីបណ្ឌិត ZHANG Xufeng អគ្គនាយករងនៃមន្ទីអប់រំនៃតំបន់ស្វយ័ត Guangxi Zhuang នៃសាធារណៈរដ្ឋប្រជាមានិតចិន បានលើកឡើងពីតួនាទីយ៉ាងសកម្មរបស់តំបន់ស្វយ័ត Guangxi Zhuang ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈជាមួយបណ្តាប្រទេសអាស៊ាន រួមទាំងការអភិវឌ្ឍធនធានរួមគ្នា ការបង្កើតមហាវិទ្យាល័យសិប្បករទំនើបចំនួន ១៧ និងរៀបចំកម្មវិធីបណ្តុះបណ្តាល និងផ្លាស់ប្តូរគ្រូ/សិស្សជាច្រើន។

អ្នកស្រីបណ្ឌិតបានស្នើនូវគំនិតផ្តួចផ្តើមចំនួនបីរួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលក្នុងការកសាងសហគមន៍ការអប់រំវិជ្ជាជីវៈចិន-អាស៊ាន ការប្រើប្រាស់ AI ដើម្បីពង្រឹងដល់ការអប់រំទ្វេភាគី និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោមយុវជន។

នាឱកាសនោះដែរលោកបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងសង្កត់ធ្ងន់លើសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងអាស៊ានក្នុងការជ្រុញ និងលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបែបឌីជីថល (Digital TVET)។ ក្នុងនាមក្រសួងអប់រំកម្ពុជា លោកក៏បានលើកឡើងពីសារៈសំខាន់នៃជំនាញស្នូលដែលអ្នកអប់រំត្រូវមាន ដូចជា ការប្រាស្រ័យទាក់ទង ការដោះស្រាយបញ្ហា ការសម្របខ្លួន ការធ្វើការងារជាក្រុម ភាពវៃឆ្លាតខាងអារម្មណ៍ ការគិតជាយុទ្ធសាស្ត្រ និងជំនាញក្នុងការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ និងរហ័ស។

លោកបណ្ឌិតបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអភិវឌ្ឍន៍ជំនាញផ្សេងៗ ការសិក្សាពេញមួយជីវិត និងការខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមរដ្ឋាភិបាល ធុរកិច្ច និងស្ថាប័នអប់រំ ដើម្បីបំពេញតម្រូវការ​នៃវិស័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងបានបញ្ជាក់ទៀតថា ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប យើងត្រូវបណ្តុះចំណង់ចំណូលចិត្តក្នុងការសិក្សាពេញមួយជីវិត តាមរយៈការអប់រំដែលសំបូរទៅដោយការរីកចម្រើននៃបច្ចេកវិទ្យា៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...