(ប៉េកាំង)៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១១ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក He Lifeng ប្រធានក្រុមភាគីចិន នៃកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក និងជាឧបនាយករដ្ឋមន្ត្រីចិន បានបើកធ្វើកិច្ចពិភាក្សាជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយលោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងលោកJamieson Greerតំណាងពាណិជ្ជកម្មអាមេរិកនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់ ស៊ីជម្រៅ និងមានលក្ខណៈស្ថាបនាកម្ម ស្តីពីការអនុវត្តគំនិតឯកភាពដ៏សំខាន់ នៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំ នៃប្រទេសទាំងពីរចិន និងសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៧ ខែមករាឆ្នាំ២០២៥កន្លងទៅ ហើយបានឈានដល់គំនិតឯកភាពសំខាន់ៗ មួយចំនួន ពោលគឺកិច្ចពិភាក្សានេះទទួលបានវឌ្ឍនភាពជាក់ស្តែង។
លោក He Lifeng បានថ្លែងថា ប្រទេសចិន និងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួមនិងលំហ កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ។ ការរក្សាបាននូវការអភិវឌ្ឍប្រកបដោភាពរឹងមាំ ស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក វាសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋាន នៃប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ហើយក៏មានអំណោយផលដល់ កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ ភាគីទាំងពីរគួរតែស្វែងរកឱ្យស៊ីជម្រៅ នូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក ឱ្យទទួលបានការវិវឌ្ឍថ្មីឥតឈប់ឈរ ដើម្បីដាក់បញ្ចូលភាពប្រាកដប្រជា និងស្ថិរភាពបន្ថែមទៀត ទៅក្នុងសេដ្ឋកិច្ចពិភពលោក។ ភាគីទាំងពីរចិន និងសហរដ្ឋអាមេរិកក៏បានយល់ព្រមជាឯកច្ឆន្ទ នូវការបង្កើតយន្តការពិគ្រោះពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីរក្សាការប្រាស្រ័យទាក់ទងចំពោះកង្វល់រៀងៗខ្លួន ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕